(មណ្ឌលគីរី)៖ រថយន្តជាច្រើនរយគ្រឿង និងកំណាត់ឈើប្រណីតដែលរឹបអូសបានពីបទល្មើសព្រៃឈើ ត្រូវបានក្រសួងបរិស្ថានត្រៀមនឹងស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការដាក់ដេញថ្លៃ ដើម្បីប្រមូលថវិកាចូលរដ្ឋ នាពេលខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន។
មានយានយន្តជាច្រើនរយគ្រឿងដូចជាប្រភេទរថយន្តសាំមយ៉ុង រថយន្តកែច្នៃ គោយន្ត និងម៉ូតូកែច្នៃ ដែលបម្រើដល់ការដឹកជញ្ជូនបទល្មើសព្រៃឈើ ព្រមទាំងឈើប្រណីតជាច្រើន បច្ចុប្បន្ននេះកំពុងរក្សាទុកនៅទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
រថយន្តទាំងនោះមានមួយចំនួនដែលនៅអាចប្រើប្រាស់បាន ក្រសួងបរិស្ថានត្រៀមនឹងស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលដាក់ដេញថ្លៃ ដើម្បីប្រមូលថវិកាចូលរដ្ឋ។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានឱ្យដឹងបែបនេះ ក្នុងពេលដឹកនាំក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះបំពេញទស្សនកិច្ចស្វែងយល់គម្រោងរេដបូក ក្នុងដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្តថា កាលពីឆ្នាំ២០១៦ និង២០១៧ ថវិកាដែលបានពីការដាក់ដេញថ្លៃឈើត្រូវបានប្រគល់ជូនទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីយកទៅថវិកានោះទៅសាងសង់សាលារៀន ព្រោះកន្លងមក ប្រជាពលរដ្ឋមួយចំនួនគាត់បានរិះគន់ថា នៅពេលចាប់បានបទល្មើសដូចជា ឈើត្រូវដុតបំផ្លាញចោលនៅក្នុងព្រៃ។
ពាក់ព័ន្ធនឹងវត្ថុតាងក៏ដូចជា ឈើប្រណិតនេះដែរ លោក នេត្រ ភក្ត្រា ក៏បានបញ្ជាក់ថា តាមការណែនាំរបស់ លោករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺមិនធ្វើការដុតបំផ្លាញចោលទៀតនោះទេ។
បើតាម លោក ព្រំ វិបុលរតនៈ ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ដែលបានលើកឡើងនៅក្នុងបទបង្ហាញស្ដីពីស្ថានភាពទូទៅនៃដែនជម្រកសត្វព្រៃកែវសីមា នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ សមត្ថកិច្ចបានរឹបអូសវត្ថុតាងពីការកាប់បំផ្លាញធនធានធម្មជាតិដោយខុសច្បាប់ចំនួន ៦៤៣ ករណី។
លោក ព្រំ វិបុលរតនៈ វត្ថុតាងដែលរឹបអូសបាននៅ ឆ្នាំ២០១៩ ទាំងនោះរួមមាន៖ អន្ទាក់ ១៧៥អន្ទាក់, កាំភ្លើងកែច្នៃចំនួន ៨ដើម, ធ្នូចំនួន ២ដើម, រណាយន្តចំនួន ២១៣គ្រឿង, កាំបិតចំនួន ៥១, ពូថៅចំនួន ៣, ម៉ូតូចំនួន ១៤១គ្រឿង, រថយន្ដកែច្នៃចំនួន៤៨គ្រឿង និងគោយន្តចំនួន ២គ្រឿង។
ដោយឡែកនៅ ឆ្នាំ២០១៨ សមត្ថកិច្ចបានរឹបអូស អន្ទាក់ចំនួន ២៨៤អន្ទាក់, កាំភ្លើងកែច្នៃចំនួន ២៣គ្រឿង, រណាយន្តចំនួន២៨០, កាំបិតចំនួន ២០, ពូថៅចំនួន៣, ម៉ូតូចំនួន ៩៥គ្រឿង និងរថយន្តកែច្នៃចំនួន៣១ គ្រឿង។
លោកបានបញ្ជាក់ថា ជាមួយគ្នានេះ តាមរយៈការចុះបង្រ្កាបរបស់មន្ត្រីសមត្ថកិច្ច និងមន្ត្រីឧទ្យាននុរក្សបរិស្ថាននៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ បានឃាត់ខ្លួនជនល្មើសសរុប ចំនួន៦៩ករណី។
សូមបញ្ជាក់ថា វត្ថុតាងរថយន្តដែលរឹបអូសបាន ក្នុងអំឡុងពេលបង្ក្រាបបទល្មើសព្រៃឈើនាពេលកន្លងមក មានប្រមាណជា ៥០០គ្រឿង, រណារយន្តប្រមាណ ៣,០០០គ្រឿង ដោយប្រមូលបានជាង១,០០០គ្រឿងក្នុង១ឆ្នាំៗ ក្នុងនោះបានយកទៅធ្វើរូបសំណាកដំរីយន្ត រួមទាំងម៉ូតូកែច្នៃ និងវត្ថុតាងជាច្រើនទៀត៕