មានគេលែងស្វាធំមួយក្បាលនៅលើភ្នំឧដុង្គ ដើរខាំគេឯងច្រើននាក់ និងលែងហ៊ានឡើងលើភ្នំទៀតហើយ

255

(កណ្ដាល)៖ សត្វស្វាធំមួយក្បាល ត្រូវបានគេយកទៅលែងនៅលើភ្នំព្រះរាជទ្រព្យ កាលពីជាង១០ថ្ងៃមុនកន្លងទៅ ហើយបានបង្កការភ័យខ្លាចដល់មន្ដ្រីអភិរក្ស និងប្រជាពលរដ្ឋដែលទៅគោរពបូជា និងកម្សាន្ដនៅលើភ្នំនោះដែរ។

សត្វស្វាធំមួយក្បាលនេះ បានដើរខាំគេឯងពេញលើភ្នំ ស្ទើររៀងរាល់ថ្ងៃ ហើយបើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅលើនោះ និងភ្ញៀវទេសចរបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ សត្វស្វាធំកាចមួយនេះ ធ្លាប់ខាំទាំងមន្ដ្រីអភិរក្សនៅលើភ្នំ និងប្រជាពលរដ្ឋមិនក្រោម១០នាក់នោះទេ។

ករណីនេះកាលពីប៉ុន្មានថ្ងៃមុន ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅកាន់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល និងអធិការនគរបាលស្រុកពញាឮ លោក ដួង តេង ដើម្បីសុំអន្ដរាគមន៍ឲ្យលោកទាក់ទងទៅមន្ដ្រីជំនាញ មកចាប់ស្វានេះទៅកន្លែងផ្សេងវិញ។

ក្រោយមកលោកស្នងការនិងលោកអធិការ បានទាក់ទងទៅមន្ដ្រីអភិរក្សនៅភ្នំតាម៉ៅ ដើម្បីមកចាប់ស្វានេះ ប៉ុន្ដែមន្ដ្រីចាប់មិនបានស្វាដែលដើរខាំគេនោះទេ ដោយស្វានោះបានរត់គេច ហើយចាប់បានតែស្វា ផ្សេងទៅវិញ។ ប៉ុន្ដែរំលងបានប៉ុន្មានថ្ងៃ សត្វស្វានោះក៏បង្ហាញខ្លួនមកវិញ ហើយបន្ដដើរខាំគេឯងដដែល។

ជាក់ស្ដែងកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ដែលតែងដើរហាត់ប្រាណ និងទៅកម្សាន្ដនៅលើភ្នំព្រះរាជទ្រព្យជារៀងរាល់ចុងសប្ដាហ៍ បានប្រាប់មកកាន់បណ្ដាញព័ត៌មាន Fresh News ដែរថា បងប្អូនរបស់លោកក៏ត្រូវសត្វស្វានោះបម្រុងខាំដូចគ្នា។

បើតាមអ្វីដែលលោក ឃ្លាំង ហួត សាកសួរទៅកាន់ប្រជាពលរដ្ឋ និងអ្នកអភិរក្សនៅលើភ្នំបានអះអាងថា បច្ចុប្បន្នដោយសារតែសត្វស្វាកាចមួយក្បាលនេះ ក៏ធ្វើឲ្យបាត់បង់ប្រជាពលរដ្ឋ ឡើងមកគោរពបូជានៅទីសក្ការៈ និងដើរកម្សាន្ដនៅថ្ងៃចុងសប្ដាហ៍ផងដែរ ព្រោះតែពួកគាត់មានការភ័យខ្លាចជាមួយសត្វស្វានេះ។

ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋនៅលើភ្នំព្រះរាជទ្រព្យ ក៏ដូចជាភ្ញៀវទេសចរ តាមរយៈបណ្ដាញព័ត៌មាន Fresh News សូមអំពាវនាវយ៉ាងទទូចឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ មកចាប់សត្វស្វាមួយក្បាលនេះត្រឡប់ទៅវិញ ដើម្បីកុំឲ្យពួកគាត់មានការភ័យខ្លាចបន្ដទៀត៕