(មណ្ឌលគិរី)៖ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ខណៈពេលដែលដឹកនាំក្រុមអ្នកសារព័ត៌មានចុះសិក្សាស្វែងយល់ពីការងារការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី៤ ខែតុលាឆ្នាំ២០២០  កន្លង មកបានឱ្យដឹងថា បើទោះជាក្រសួងខិតខំទប់ស្កាត់បទល្មើស ធនធាន ធម្មជាតិ និងការទន្ទ្រានដី រដ្ឋ ក៏នៅមានជនខិលខូចមួយចំនួន បានឆ្លៀតឱកាសលួចបោះបង្គោលរបងដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋ  និងដីតំបន់ការពារដោយខុសច្បាប់ផងដែរ ដែលករណីនេះក្រសួងនឹងចាត់វិធានការ ផ្លូវច្បាប់លើជនទាំងនោះដោយមិនលើកលែងនោះទេ ។

បង្គោលជាច្រើនដើមត្រូវបានអាជ្ញាធរប្រចាំនៅ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមានការចូលរួមពីសំណាក់មន្រ្តីនៃក្រសួងបរិស្ថាន បានចុះធ្វើការដកនិងកំទេចចោលជាច្រើនដើមបន្ទាប់ពី ជនខិលខូចធ្វើការលបលួចដាំរំលោភយកដីរដ្ឋដោយខុសច្បាប់រួចមក។

ជាមួយការចុះដកបង្គោលនេះដែរត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានគឺ លោក នេត្រ ភក្ត្រាមន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចុះពិនិត្យ ដោយផ្ទាល់ នៃបង្គោលរបងដែលបោះរំលោភបំពានយកដីរដ្ឋនេះ លោកបានធ្វើការព្រមាន ដល់ជនដែលរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់នេះថា នឹងសើបអង្កេតដើម្បីធ្វើការផ្តន្ទាទោសផ្លូវច្បាប់នាថ្ងៃខាងមុខ។

ពាក់ព័ន្ធនឹងការចុះបង្រ្កាបការបោះបង្គោលខុសច្បាប់នេះដែរ លោករដ្ឋលេខាធិការបានបញ្ជាក់ថា “ពេលនេះ យើងឃើញមានការបោះបង្គោលរបងមួយចំនួន ដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់នៅចំណុច ភូមិពូរ៉ាង ឃុំ សែនមនោរម្យ ស្រុកអូររាំងយើងកំពុងតែធ្វើការស៊ើបអង្កេតស្វែងរកថា តើនណារជាអ្នកដែលបោះបង្គោលនៅកន្លែងហ្នឹងដើម្បីយើងអនុវត្តទៅតាមច្បាប់»។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវ សកម្មភាពទាំងអស់នេះ ព្រោះថាវា ជាសកម្មភាពខុសច្បាប់  ហើយក្រសួងនឹងអនុវត្តតាមច្បាប់ដោយមិនលើកលែងចំពោះជនទាំងឡាយណាដែលបំពាន នេះសោះឡើយ។

គួរបញ្ជាក់ថា ក្នុងការចុះពិនិត្យនិងសកម្មភាពបោះបង្គោលរបងខុសច្បាប់នេះដែរ មន្រ្តីមូលដ្ឋាននិងមន្ត្រីក្រសួងបរិស្ថានបានដកបង្គោលរបងឈើនិងថ្ម  ដែលហ៊ុព័ទ្ធដីដោយខុសច្បាប់នៅចំណុច ភូមិពូរ៉ាង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រមាណជិត១០០ដើមនិងបង្គោលដែលនៅសេសសល់នឹងធ្វើការដកបន្ថែមទៀតនៅពេលក្រោយ។

 

បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សនៃក្រសួង បរិស្ថានចំនួន ១២០០ នាក់បាននឹងកំពុងបំពេញតួនាទីជាឆ្នាំព្រៃការពារនិងអភរិក្សធនធានធម្មជាតិ និងបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់៕