(ព្រៃវែង)៖ ក្នុងការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន និងធនធានធម្មជាតិ និងបណ្តុះស្មារតីប្រជាពលរដ្ឋ យុវជន ឱ្យស្រឡាញ់ និងគោរពបរិស្ថាន ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើ លោក អាំង សិរីពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធាន ស.ស.យ.ក ខេត្តព្រៃវែង តំណាងលោក ខៀវ ភារិទ្ធ ប្រធាន ស.ស.យ.ក ខេត្តព្រៃវែង បានដឹកនាំដាំកូនឈើប្រណីតចំនួន៧០០ដើម និងចែកអំណោយលោក ស សុខា និងលោកស្រី កែ សួនសុភី ជូនប្រជាពលរដ្ឋ២១គ្រួសារ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សកម្មភាពយ៉ាងផុសផុល នៃការដាំដើមឈើនេះ លោក អាំង សិរីពិសិដ្ឋ ថា ជាចលនាបំផុសស្មារតីយុវជនឲ្យចេះស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ និងការដាំស្តារព្រៃឈើឡើងវិញ និងចូលរួមការពារនិងអភិរក្សឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។

លោកបានបន្ថែមថា ដើមឈើមួយដើមដែលយើងម្នាក់ៗបានដាំនៅថ្ងៃនេះ នឹងក្លាយជាសមុទ្រឈើ នៅថ្ងៃអនាគត គឺមានន័យថា កម្ពុជានឹងមានដើមឈើមួយដើមថ្មីបន្ថែមទៀតលើធនធានព្រៃឈើ ដែលយើងមានស្រាប់នៅក្នុងតំបន់ការពារធម្មជាតិដែលយើងទាំងអស់ គ្នាត្រូវចូលរួមការពារ និងអភិរក្សសកម្មភាពយ៉ាងផុសផុលនៃការដាំដើមឈើនៅទូទាំងប្រទេសនេះ ថាជាចលនាបំផុសស្មារតីស្រឡាញ់ បរិស្ថាន និងធនធានធម្មជាតិ និងការដាំស្តាយរព្រៃឈើឡើងវិញ និងចូលរួមការពារនិងអភិរក្សឱ្យបានគង់វង្ស សម្រាប់ជាផលប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។

លោក អាំង សិរីពិសិដ្ឋ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងការលះបង់នាំយកនូវសន្តិភាព មកជូនប្រជាពលរដ្ឋបានរស់នៅក្នុងភាពសុខសាន្ត និងតែងតែគិតគូរសុខទុក្ខការខ្វះខាតចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលមានការខ្វះខាត ក្នុងសម័យកាលកូវីដដែលកំពុង ឆ្លងរាតត្បាតទូទាំងសកលលោក។

លោក អាំង សិរីពិសិដ្ឋ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី តែងមានទឹកចិត្តគុណធម៌ មនុស្សធម៌ ប្រកបដោយការទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំ មិនថា ចំពោះប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋបរទេស ជាក់ស្តែងកន្លងទៅដែលសម្តេច បានអនុញ្ញាតឲ្យកប៉ាល កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្ស ជាង ២២០០នាក់ បានចូលចត នៅក្នុងប្រទេសកម្ពុជា គ្រាដែលមិនមានប្រទេសណាទទួល ឲ្យចូលចត ព្រោះព្រួយបារម្ភពីការឆ្លងនៃជំងឺកូវីដ១៩នេះជាដើម។

លោក អាំង សិរីពិសិដ្ឋ បានអំពាវនាវដល់យុវជនសមាជិកសមាជិការបស់ ស.ស.យ.ក ស្រុកស្វាយអន្ទរទាំងអស់ ធ្វើជាពលរដ្ឋល្អ ធ្វើជាគំរូល្អ ដើម្បីទុកជាស្នាដៃដល់ក្មេងៗជំនាន់ក្រោយ ធ្វើត្រាប់តាម យកគំរូវីរភាពតាមឥស្សរជនជាន់ខ្ពស់ដែលមានសម្តេចធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន សម្តេចចក្រី ហេង សំរិន សម្តេចក្រឡាហោម ស ខេង ដែលបានលះបងសាច់ស្រស់ ឈាមស្រស់ នាំសន្តិភាពជូនប្រទេសកម្ពុជាយើង។

ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ ក៏បានអំពាវនាវដល់យើងយុវជន ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត តាមការកំណត់របស់ គ.ជ.ប ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។