ព្រះសីហនុ៖ នៅថ្ងៃ ទី០៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ ខ្សែ នៅខេត្តព្រះសីហនុ ទទួលបានលទ្ធផលដូចខាងក្រោម៖
១. ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០%
២. ការងារដាក់លូតាមផ្លូវសម្រេចបាន ១០០%
៣. ការងាររៀបចំប្រព័ន្ធលូរណបសម្រេចបាន ៣០, ៥%
៤. ការងាររៀបខឿនក្រានីតសម្រេចបាន ៨៥, ៨៣ %
៥. ការងាររៀបចំកម្រាលក្រានីតសម្រេចបាន ៤៩, ៦៧ %
៦. ការងារដំឡើងបង្គោលភ្លើងតាមដងផ្លូវសម្រេចបាន ៨០,២៨ %
៧. ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧,៧៥%
៨ ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ១៥%
៨. ការងារដំឡើងភ្លើងស្អប់ចរាចរណ៍សម្រេចបាន ៤៥ %
១០. ការងារដាំដើមឈើនិងផ្កាក្រដាសសម្រេចបាន ៥០,១០%
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជម្រាបជូនប្រតិភូថ្នាក់ជាតិថា គិតមកដល់ដើមខែតុលា ២០២០នេះ ការរៀបចំបំពាក់ហេដ្ឋារចនាសម្ពន្ធ័តាមផ្លូវ ដូចជាភ្លើងអគ្គិសនីបំភ្លឺផ្លូវ ប្រពន្ធ័លូបង្ហូរទឹក និងហេដ្ឋារចនាសម្ពន្ធ័រណបផ្សេងៗទៀត តាមសងខាងផ្លូវសម្រេចបានច្រើនហើយ។ បើតាមឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ក្នុងរដូវវស្សាមានភ្លៀងធ្លាក់ច្រើន ហេដ្ឋារចនាសម្ពន្ធ័តាមសងខាងផ្លូវមួយចំនួន តាមកន្លែងខ្លះដូចជានៅក្បែរល្បាក់ភ្នំជាដើម មានការបាក់ស្រុតដីដោយសារទឹកភ្លៀងហូរច្រោះ និងបង្កការលំបាកច្រើនដល់ការស្ថាបនា ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍លើកទឹកចិត្ត និងកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ក្រុមបច្ចេកទេសស្ថាបនា និងអជ្ញាធរពាក់ពន្ធ័ជុំវិញការស្ថាបនាផ្លូវក្នុងខេត្តព្រះសីហនុ។ ដោយសារតែរបាយទឹកភ្លៀងអាចនឹងថមថយជាបណ្តើរៗតាមរដូវហើយនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យគ្រប់ផ្នែកពាក់ពន្ធ័បង្កើនល្បឿនស្ថាបនាតាមគម្រោងប្លង់គោល ដូចជានៅចំណុចការដ្ឋានស្ពានឆ្លងកាត់ជាដើម ៕
សូមបញ្ជាក់ថា ការស្ថាបនាផ្លូវខាងលើ គឺជា ការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាសម័យ ប្រជុំពេញអង្គតណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ និងបានចាប់ដំណើរការការដ្ឋានសាងសងចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕
អត្ថបទ និងរូបភាព៖ វុន សុខជា