បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់កងកម្លាំងនគរបាលអន្តរាគមន៍ ត្រូវគ្រប់គ្រងនិងថែរក្សាអាវុធឲ្យបានគង់វង្សមិនត្រូវបាត់បង់ ក្នុងនោះក៏មិនត្រូវយកចេញដោយគ្មានបទបញ្ជានោះដែរ ។ ការថ្លែងនេះខណៈ លោក ស្នងការអញ្ជើញបានបំពាក់អាវុធដល់កងកម្លាំងនគរបាលអន្តរាគមន៍ចំនួន២០នាក់ នៅថ្ងៃទី០៥ខែតុលា ឆ្នាំ២០២០ ដែលមានការចូលរួមពី លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ជាស្នងការរង នាយរងការិយាល័យ នាយផ្នែកសរុប ចំនួន២៦២នាក់ ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា អាវុធទាំងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបំពាក់ដល់កងកម្លាំងនគរបាលអន្តរាគមន៍ សំដៅរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារឥស្សរជនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក៏បានមានប្រសាសន៍ជំរុញដល់ថ្នាក់នាំការិយាល័យជំនាញចំណុះស្នងការដ្ឋាន ត្រូវណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទ ត្រូវចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ថាមពលអគ្គីសនី នៅពេលចេញទៅផ្ទះគឺត្រូវបិទភ្លើង និងម៉ាស៊ីនត្រជាក់ជៀសវាងការប្រើប្រាស់ខ្ជះខ្ជាយដោយមិនបានបិទ ពេលចេញពីកន្លែងធ្វើការ ក្នុងនោះក៏ត្រូវតែមានការប្រើប្រាស់ដោយសន្សំសំចៃទឹកផងដែរ កុំបើកឲ្យហៀរចោលដែលនាំឲ្យមានការខាតបង់នូវថវិកា ។
ទាក់ទងនឹងបរិស្ថាននិងសុខភាពនោះ លោកឧត្តមសេនីយ៍ស្នងការក៏បានជម្រុញឲ្យគ្រប់ ការិយាល័យទាំងអស់ត្រូវតែធ្វើការអនាម័យសម្អាតឲ្យបានស្អាតជានិច្ច ដើម្បីឲ្យកន្លែងធ្វើការមានសោភ័ណភាព ពិសេសគឺនាំគ្នាបំផ្លាញជម្រកមូសខ្លា ចំពោះឧបករដែលអាចដក់ទឹកនៅរាយប៉ាយ ក្នុងបរិវេណស្នងការដ្ឋានត្រូវប្រមូលទុកដាក់និងដុតចោល ព្រោះបច្ចុប្បន្នទន្ទឹមនឹងកើតមានជម្ងឺកូវីដ-១៩ នោះ ក៏កើតមាននូវជម្ងឺ គ្រុនឈាម គ្រុនឈិកផងដែរ ដែលកន្លងមកថ្មីៗនេះខេត្តបន្ទាយមានជ័យយើងបានផ្ទុះឡើងនូវជំងឺគ្រុនឈិក ដូច្នេះដើម្បីសុខភាពរឹងមាំជៀសវាងជម្ងឺដង្កាត់ផ្សេងៗ គឺត្រូវកើតចេញពីយើងទាំងអស់គ្នា ត្រូវមានអនាម័យខ្ពស់។
បន្ទាប់មក លោក ឧត្តមសេនីយ៍ស្នងការក៏បានប្រគល់កុំបញ្ជូនទ័រដល់ការិយាល័យរដ្ឋបាលសរុប និងវិភាការិយាល័យគ្រប់គ្រងសន្តិសុខឯកជនដើម្បីធ្វើជំនាញ ៕