កំពង់ស្ពឺ៖ បុរសម្នាក់ទៅរំលំដើមត្នោតក្រោយផ្ទះ តែអកុសលត្រូវដើមត្នោតរលំសង្កាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលខេត្តបានឲ្យដឹងថាជនរងគ្រោះ(សព)ឈ្មោះ ខាន់ ខន ភេទប្រុស អាយុ៦១ឆ្នាំ។ ប្រភពដដែលបន្តថា បុរសខាងលើបានទៅកាប់ដើមត្នោតរបស់ខ្លួន តែម្នាក់ឯងនៅខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ ខណៈពេលដែលគាត់កំពុងកាប់ដើមត្នោតនោះ ស្រាប់ដើមត្នោតនោះរលំលើគាត់បណ្ដាលឱ្យកិនស្លាប់នៅនិងកន្លែងកើតហេតុ ហើយត្រូវអ្នកជិតខាង និងបងប្អូនក្នុងភូមិជួយយកសព ប្រគល់ជូនក្រុមគ្រួសារដើម្បីបុណ្យតាមប្រពៃណី ៕