ខេត្តព្រះសីហនុ៖ ទន្ទឹមនឹងខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍន៍រីកចម្រើននាពេលបច្ចុប្បន្ននេះ ក្រោយពីរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា យ៉ាងច្រើនក្នុងការស្ថាបនាផ្លូវចំនួន ៣៤ ខ្សែ បានចាក់បេតុង និងប្រព័ន្ធលូ បានមួយរយភាគរយហើយនោះ និងជំហានបន្តបានរៀបចំបំពាក់អំពូលភ្លើងសួនច្បារដាំដើមឈើ ក្រាលថ្មក្រានីត ចាក់ក្រាលកៅស៊ូ គូសគំនូសចរាចរណ៍ និងបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និង អន្តរជាតិមកលេងកំសាន្ត។

ក្រៅពីផ្លូវទាំង ៣៤ ខ្សែនេះ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា រាជរដ្ឋាភិបាលក៏បានទម្លាក់កញ្ចប់ថវិកា ចំនួនប្រមាណជា ១០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងការស្ថាបនាផ្លូវចំនួន ១១ ខ្សែបន្ថែមទៀត ដែលស្ថាបនាចាប់ពីចុងខែ ៦ ឆ្នាំ ២០២០ មកដល់ពេលនេះគឺបានប្រមាណជា ១៤ ភាគរយហើយ។

ដោយក្នុងនោះការស្ថាបនាផ្លូវរួមមានផ្លូវ សម្ដេចព្រះសង្ឃរាជទេពវង្សដែលមាន ចម្ងាយជាង ៤០ គីឡូម៉ែត្រសាងសង់ដោយក្រុមហ៊ុនចិន ការសាងសង់ផ្លូវជាតិលេខ ៤ ដោយក្រុមហ៊ុន កងវិស្វកម្ម ខេត្តសៀមរាប និង ផ្លូវនៅក្នុងក្រុង ៧ ខ្សែសាងសង់ដោយកងវិស្វកម្មក្រសួងការពារជាតិ នឹង២ខ្សែទៀតសាងសង់ដោយមន្ទីរសាធារណការ ខេត្តព្រះសីហនុ។

សមិទ្ធិផលទាំងអស់នេះ គឺដោយការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សូនច្បារអនាម័យបរិស្ថាន ក៏ដូចជាតំបន់ទេសចរណ៍នានា ធ្វើយ៉ាងណាក្នុងគោលបំណងរួមដើម្បី អភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យមានការរីកចម្រើនជាបន្តបន្ទាប់៕