ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ផែនការសកម្មភាពជាតិជំហានទី២ ស្ដីពីការលើកកម្ពស់សេវាអនាម័យ និងទឹកស្អាតនៅជនបទ ឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ដែលដឹកនាំដោយក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ថា នៅឆ្នាំ ២០២៣ ៩០% នៃប្រជាពលរដ្ឋទូទាំងប្រទេស នឹងទទួលបានសេវាលើកកម្ពស់អនាម័យ និងទឹកស្អាតនៅជនបទ ហើយនឹងឈានដល់ ១០០% នៅបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តម បានបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងតំណាងក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូនានា ស្ដីពីការងារទឹកស្អាត អនាម័យជនបទ និងការសាងសង់ផ្ទះជូនគ្រួសារក្រីក្រ នៅខេត្តកណ្ដាល កាលពីសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រីពាក់ព័ន្ធ និងអង្គការដៃគូនានាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានជំរុញឲ្យអាជ្ញាធរ ក្រុង-ស្រុកឃុំ-សង្កាត់ ទាំងអស់ ត្រូវបង្កើនកិច្ចសហការឲ្យបានស៊ីជម្រៅថែមទៀតដើម្បីឆ្លើយតបទៅនិងផែនការ សកម្មភាពថ្នាក់ជាតិ និងផែនការសកម្មភាពថ្នាក់ខេត្ត ត្រូវខិតខំធ្វើយ៉ាងណាឲ្យគោលដៅរបស់យើងអនុវត្តបានជោគជ័យ។
ឯកឧត្តមបន្តថា អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវទទួលស្គាល់ថាការលើកកម្ពស់អនាម័យនៅជនបទ និងទឹកស្អាត គឺជាកត្តាសំខាន់ណាស់ត្រូវចាត់ទុកជាផែនការអាទិភាព នៅក្នុងកម្មវិធីអភិវឌ្ឍន៍ឃុំ-សង្កាត់ របស់ខ្លួន ត្រូវផ្សាយពន្យល់ណែនាំឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកថា ការទទួលទានទឹកមិនស្អាត ការបន្ទោរបង់ពាសវាលពាសកាល គឺវាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរស់នៅ ដូច្នេះអាជ្ញាធរខេត្តត្រូវស្នើសុំថវិកាជាតិឲ្យបានច្រើនជាងមុន ក្នុងការអនុវត្តការងារលើកម្ពស់អនាម័យជនបទ និងទឹកស្អាតដើម្បីអនុវត្តឲ្យបានសម្រេចតាមផែនការដែលបានកំណត់។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការនានាដែលបានជួយដល់មូលដ្ឋានទីដាច់ស្រយាលក្នុងខេត្តកណ្ដាលទាំងការងារសង់បង្គន់អនាម័យ ទឹកស្អាត នឹងការងារសងផ្ទះជូនដល់គ្រួសារក្រីក្រ។
ឯកឧត្តមអភិបាល បានឲ្យដឹងថា ខេត្តកណ្ដាលបានជ្រើសរើសយកស្រុកចំនួន២ មកធ្វើជាគំរូ ក្នុងការងារសងបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់ គឺស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង បើស្រុក២នេះ អនុវត្តបានជោគជ័យនោះយើងនឹងយកបទពិសោធន៍ពីស្រុកទាំងនេះឲ្យបណ្ដាលស្រុកដទៃទៀតអនុវត្តតាម ដើម្បីធ្វើឲ្យប្រជាពលរដ្ឋខេត្តកណ្តាលទាំងមូលមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់បាន ១០០%។
លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានជម្រាបពីស្ថានភាពទឹកស្អាត និងអនាម័យជនបទក្នុងខេត្តកណ្ដាលថា គ្រួសារដែលមានទឹកស្អាតប្រើប្រាស់ មានចំនួន ៨១.៥% គ្រួសារមាន បង្គន់បច្ចេកទេសប្រើប្រាស់មាន ៨២% ។ ខេត្តកណ្ដាលមានភូមិបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រង់ មានចំនួន ៣៧១ ភូមិ និង ១២ឃុំ ។
លោកស្រីបានជម្រាបដែរថា បញ្ហាមួយចំនួនដែលមានការលំបាកធ្វើឲ្យរាំងស្ទះដល់ការងារលើកកម្ពស់អនាម័យនៅជនបទ និងទឹកស្អាត គឺ គ្រួសារក្រីក្រ និងងាយរងគ្រោះគ្មានលទ្ធភាពសាងសង់បង្គន់ និងតបណ្ដាញទឹកស្អាតប្រើប្រាស់ គ្រួសាររស់នៅលើដីសាធារណៈមិនមានដីសម្រាប់សាងសង់បង្គន់ថវិការវិភាជន៍សម្រាប់ធ្វើលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅមានកម្រិតទាបនៅឡើយទាំងថ្នាក់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។