(ខេត្តកណ្តាល)៖ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត នៅព្រឹកថ្ងៃ ទី០៦ ខែតុលាឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅសាលាស្រុកណ្តាលស្ទឹងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សាពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឲ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ និង ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះ ប្រជាពលរដ្ឋមានចម្ងល់ ឬយោបល់ ត្រូវលើកដៃ ឬសរសេរលើក្រដាស ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងមន្ត្រីរាជការ សូមមេត្តាលើកឡើងនៅបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ សេវាតម្រូវការ និងសេវាសំណូមពរ។
ជាមួយការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងវេទិការ សាធារណៈរបស់ក្រុមប្រឹក្សាខេត្ត ដូចជាបញ្ហាទឹកស្អាត បញ្ហាផ្លូវ បញ្ហាបម្រើសេវាសាធារណៈ បញ្ហាអគ្គីសនី ផ្លូវលំ ផ្លូវបេតុង។ល។ ក្នុងនោះដែរ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ និង ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍សង្កត់ធ្ងន់ថា សូមថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក មេឃុំ និងភូមិ ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសនានា ក្នុងមូលដ្ឋានដូចជា បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម បានគូសបញ្ជាក់ថា រាល់បញ្ហានៃទុក្ខកង្វល់របស់បងប្អូន ដែលបានលើកនៅពេល នេះ គឺជាចំណុចសេសសល់ដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានអនុវត្តនិង ត្រូវយកទៅអនុវត្តឆ្នាំបន្ត ក្នុងការបំពេញតម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក ដោយរួមសហការគ្រប់មន្ទីរស្ថានប័នជំនាញ និង អាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ។ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ។ អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំនប៊លកេាណួរ និង កង្វល់ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរបងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូន។
សូមបញ្ជាក់ថា ក្រោយពេលរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ កាលពីឆ្នាំ២០១៩ រដ្ឋបាលខេត្តកណ្តាល បានទទួុលនូវបញ្ហា ក៏ដូចជាសំណូមពរចំនួុន ២០ពីប្រជាពលរដ្ឋ ផ្តោតលើការងារសេដ្ឋកិច្ច សង្គមកិច្ច រដ្ឋបាលសន្តិសុខសណ្តាប់ធ្នាប់សាធារណះ ដោយក្នុងនោះ រដ្ឋបាលខេត្ត ស្រុក និងមន្ទីរ អង្គភាព បានចាត់វិធានការដោះស្រាយបានចំនួុន ១១បញ្ហា៕