បន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន០៤នាក់ ត្រូវកម្លាំងនគរបាលក្រុងសិរីសោភ័ណចាប់ឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន ៖
ទី-១ឈ្មោះ-ស៊ឹម ស្រីណុកហៅ ណុប ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដកហូតបានវត្ថុតាងម្សៅក្រាមពណ៌ ស ០១កូនថង់,ដែកកេះ០១,កាំបិតចំពុះទង់០១ដើម,ទូរស័ព្ទ០១គ្រឿង(ជួញដូរ) ។
ទី២-ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលាងម៉ូតូនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (អ្នកប្រើប្រាស់) ។
ទី៣-ឈ្មោះ ម៉ៅ ប៉ាន ភេទប្រុស អាយុ៣២ឆ្នាំ ធ្វើស្រែ នៅភូមិប៉ោយសំណង់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង(អ្នកប្រើប្រាស់) ។
ទី៤-ឈ្មោះ មឿន រ៉ាម៉ា ម៉ូវឈ្លីស ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ នៅភូមិទួលស្បូវ ឃុំទួលតាឯក ស្រុកបាណន់ ខេត្តបាត់ដំបង ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០២កូនថង់ ,ជញ្ជីងសម្រាប់ថ្លឹង០១,បំពង់ទាំម៉ូម៉ែត្រ០១,ទូរស័ព្ទចំនួន០៤គ្រឿង,ម៉ូតូ០១គ្រឿង(ជួញដូរ)។
លោក អធិការបានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញនគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវនិងចាប់ឃាត់ខ្លួន បានជាបន្តបន្ទាប់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ។
ករណីនេះ កម្លាំងជំនាញបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕