កណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធចូលគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ស្ថិតនៅភូមិទទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ជន់ ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនសង្ស័យ ទី១-ឈ្មោះ ម៉ិញ លីហ៊ួរ ភេទប្រុស ជនជាតិខ្មែរ អាយុ១៧ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និង២-ឈ្មោះ សាវុធ សុខជា ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោរផ្ទះទុកចោល ហើយចេញទៅប្រកបមុខរបរដូចធម្មតាបាត់ទៅ។ លុះត្រឡប់មកផ្ទះវិញក៏ឃើញទ្វារផ្ទះចំហរ ហើយបាត់សម្ភារៈអស់ពីផ្ទះដូចជា៖ ១-ម៉ូទ័រស្វាន១គ្រឿង ២-ប៉ុស្តិ៍ផ្សារ១គ្រឿង ៣-ម៉ូទ័័រកាត់ដែក១គ្រឿង ៤-ម៉ូទ័រ១គ្រឿង ៥-ខ្សែភ្លើង១ដុំ ៦-ចង្រ្កានហ្គែស១គ្រឿង ៧-ប្រហុកត្រីរាល ចំនួនមួយធុងប៉េត្រូ ៨-ស្កពាង ចំនួនមួយធុងប៉េត្រូ ៩-ខោអាវ ចំនួន ៣ កំប្លេ ១០-ផ្អកត្រីប្រា ចំនួន ១ ធុងប៉េត្រូ ១១-ដែកកាយ៉េ ចំនួន មួយដុំ ១២-ដែក១២លី ចំនួន១៥ដើម ១៣-កន្ទុយសណ្តោងរ៉ឺម៉ក ចំនួនមួយគ្រឿង។
ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរការខ្ពស់់។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាម ប៉ុស្តិ៍នគរបាលរការខ្ពស់ បានរាយការណិ៍មកលោកអធិការនគរបាលក្រុងតាខ្មៅ ចុះដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឃាត់ខ្លួនបានជនសង្ស័យ ២នាក់ខាងលើ យកមកសាកសួរនៅប៉ុស្តិ៍ ។
តាមចំលើយសារភាពរបស់ជនសង្ស័យទាំង ២នាក់បានឆ្លើយថា៖ ពួកគេពិតជាបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះ ហើយលួចយកសម្ភារៈបាត់បង់ខាងលើ ប្រាកដមែន ។
ដោយសម្ភារៈដែលលួចបាននោះពួកគេបានយកទៅលក់នៅតាម ផ្ទះប្រជាពលរដ្ឋ ក្នុងនោះ ម៉ូទ័រលក់បានក្នុង ១គ្រឿង២០ដុល្លា , ដែកកាយ៉េបាន១ម៉ឺន៥ពាន់រៀល , ខ្សែភ្លើងលក់បាន១០ដុល្លា, ចំនែកប្រហុកនិងផ្អក បានយកលក់នៅព្រែកហូរ បានក្នុង១ធុងតម្លៃដប់ម៉ឺនរៀល, រីឯកន្ទុយរឺម៉កបានយកទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវបានលុយ ៧០ដុល្លា , ចំនែកខោអាវដែលលួចបាននោះគឺមិនបានយកលក់នោះទេ ទុកពាក់ជាប់ខ្លួន។
ហើយជនសង្ស័យបានសារភាពទៀតថា ពួកគេធ្លាប់បានធ្វើសកម្មភាពដើរលួចតាមផ្ទះប្រជាពលរដ្ឋបានប្រហែល១៥ដងមកហើយ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕