(ភ្នំពេញ )៖ កាលពីម៉ោង៨យប់ ថ្ងៃ ទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរី រ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-0805 បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ភ្លាមៗ ។ រីឯម៉ូតូជនរងគ្រោះម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1P -1443 ជិះដោយបុរសម្នាក់ ឈ្មោះ ខន សុភួន អាយុ ២៤ឆ្នាំ មានទីលំនៅផ្ទះ៩៨ ផ្លូវលំ ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្ត ព្រៃវែង ។
មុនដំបូងគេឃើញភាគីខាងម៉ូតូធ្វើដំណើរតាមផ្លូវបេតុងក្នុងបុរី រ៉ូយ៉ាល់មេគង្គ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះក៏មានភាគីរថយន្តបង្កនេះ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ដោយប្រើល្បឿនលឿន បានបុកម៉ូតូរងគ្រោះពេញទំហឹង និងកិនម៉ូតូអូសប្រហែល១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យបុរសម្ចាស់ម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
បងប្អូនប្រជាពលរដ្ឋបានឃាត់នារីម្នាក់ ដែលជាអ្នកបើកបររថយន្តប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីរង់ចាំដោស្រាយតាមក្រោយ ។ រីឯសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ ហេតុប្រគល់ឲ្យសាច់ញាតិយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕