អា​មេ​រិ​ក​ព្រមាន​ចិន ​ចំពោះ​ការ​វាយប្រហារ​កោះ​តៃវ៉ាន់​ តែ​បង្ហាញ​ភាព​មិន​ច្បាស់លាស់​

370

WASHINGTON​ (Reuters)​ ៖​ កាលពី​ថ្ងៃ ​ពុធ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​ បាន​ព្រមាន​ប្រទេស​ចិន​ ដោយ​ប្រឆាំង​នឹង​រាល់​ការ​ប៉ុនប៉ង​ដណ្ដើម​ការ​កាន់កាប់​កោះ​តៃវ៉ាន់​ដោយ​ប្រើប្រាស់​កងកម្លាំង​ណាមួយ​ ដោយ​និយាយ​ថា​ សកម្មភាព​យោធា​ពីលើ​ផ្ទៃសមុទ្រ​ នឹង​មានការ​លំបាក​ដ៏​ខ្លាំងក្លា​ និង​មាន​ភាព​មិន​ច្បាស់លាស់​ថា​ តើ​សហរដ្ឋអាមេរិក​នឹង​តបត​វិញ​យ៉ាងដូចម្ដេច​ ។​

​លោក​ Robert​ O’Brien​ បាន​ប្រាប់​ទៅ​កាន់​ព្រឹត្តិការណ៍​មួយ​នៅ​សាកលវិទ្យាល័យ​ Nevada​ នៅ​រដ្ឋ​ Las​ Vegas​ ថា​ ប្រទេស​ចិន​ជាប់​ពាក់ព័ន្ធ​នឹង ​ការ​បង្កើន​កងទ័ពជើងទឹក​ដ៏​ធំ​មួយ​ដែល​ទំនងជា​មិន​ធ្លាប់​បានឃើញ​ តាំងពី​ការ​ប៉ុនប៉ង​របស់​អា​ល្លឺ​ម៉​ង់ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​កងកម្លាំង​ជើង​ទឹក​អង់គ្លេស​ មុន​សង្គ្រាមលោក​លើក​ទី​១​ ។​

​លោក ​បាន​និយាយ​ទៀត​ថា​ មួយ​ផ្នែក​នៃ​ការ​បង្កើន​កងទ័ពជើងទឹក​នេះ ​នេះ​ផ្ដល់​ឱ្យ​ពួក​គេ​នូវ​លទ្ធភាព​រុញច្រាន​ពួក​យើង ​ចេញពី​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងលិច​ និង​អនុញ្ញាត​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព​យោធា​ប្រឆាំង​កោះ​តៃវ៉ាន់​ ។​ លោក​ O’Brien​ បាន​បន្ថែម​ទៀត​ថា​ បញ្ហា​គឺថា​ការ​វាយប្រហារ​តាម​ សមុទ្រ​គឺ​មាន​លំបាក​យ៉ាង​ខ្លាំង​ដោយសារ​តែ​ ប្រទេស​ចិន​មាន​ចម្ងាយ​១៦០​គីឡូម៉ែត្រ​ពី​កោះ​តៃវ៉ាន់​ និង​ឆ្នេរសមុទ្រ​មិន​អំណោយផល​ សម្រាប់​ប្រតិបត្តិការ​វាយប្រហារ​ពី​សមុទ្រ​ ។​

​នៅ​ពេល​ត្រូវ​បាន​សួរ​ថា ​តើ​អា​មេ​រិ​ក​នឹង​យក​ជម្រើស​មួយ​ណា​ ប្រសិនបើ​សកម្មភាព​របស់​ចិន​ប៉ុនប៉ង​គ្រប់គ្រង​កោះ​តៃវ៉ាន់​  លោក​បាន​និយាយ​ថា​ នោះ​មិនមែន​ជា​កិច្ចការ​ងាយស្រួល​ឡើយ​ ហើយ​ក៏​មាន​ភាព​មិន​ច្បាស់លាស់​ជា​ច្រើន​ផង​ដែរ ​ថា​តើ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​អ្វី​ដើម្បី​តបត​ទៅ​នឹង​ ការ​វាយប្រហារ​ដោយ​ប្រទេស​ចិន​លើ​កោះ​តៃវ៉ាន់​ ៕