ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំដាក់ចេញវិធានការច្បាប់ ដើម្បីរឹតបណ្តឹងទៅលើបណ្តាក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យទាំងឡាយណា ដែលមិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់កំណត់ ខណៈដែលក្រុមហ៊ុនដែលបានទទួលស្គាល់ ពីរដ្ឋាភិបាលមានចំនួនត្រឹម២០៥ក្រុមហ៊ុនតែប៉ុណ្ណោះ។
ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាមានភាពរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ងាកទៅបង្កើតអាជីព និងមុខជំនួញផ្នែកអចលនទ្រព្យជាច្រើន ដែលក្នុងនោះមានអ្នកខ្លះបានអនុវត្ត និងប្រតិបត្តិការគោរពទៅតាមច្បាប់ ដោយការចុះបញ្ជីត្រឹមត្រូវ ប៉ុន្តែមានមួយចំនួនតូច នៅមិនទាន់បានគោរពទៅតាមច្បាប់ កំណត់នៅឡើយនោះទេ។
ប្រធាននាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក នង ពិសិដ្ឋបានមានប្រសាសន៍ប្រាប់កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកថា ការបង្កើតអាជីវកម្ម ឬបង្កើតក្រុមហ៊ុននៅកម្ពុជា សុទ្ធតែបានចូលរួមជួយបង្កើន នូវចំណូលប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាសេដ្ឋកិច្ចជាតិមួយចំណែកផងដែរ ប៉ុន្តែរាល់ការបង្កើតទាំងអស់នោះក៏ត្រូវតែស្ថិតនៅក្រោមការគោលការណ៍របស់ច្បាប់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើ ឱ្យមានតម្លាភាពចំពោះប្រភេទអាជីវកម្ម និងក្រុមហ៊ុនដែលដំណើរការក្នុងវិស័យរួមគ្នា។
លោកបន្តទៀតថា “យើងសង្កេតឃើញមានក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យជាច្រើនកំពុងតែដំណើរអាជីវកម្ម និងបម្រើ សេវាដល់អតិថិជន នៅក្នុងវិស័យមួយនេះ ប៉ុន្តែសម្រាប់ក្រុមហ៊ុន ដែលមកធ្វើការចុះបញ្ជីអនុវត្តទៅតាមច្បាប់ត្រឹមត្រូវ គឺមានតែចំនួន ២០៥ ក្រុមហ៊ុនតែប៉ុណ្ណោះ។ ក្រៅពីនេះ គឺកំពុងតែអនុវត្តក្រៅប្រព័ន្ធច្បាប់”។

លោកបានបញ្ជាក់ថា “ដើម្បីផ្តល់នូវភាពត្រឹមត្រូវ និងតម្លាភាព ទៅដល់បណ្តាក្រុមហ៊ុនដែលបានចុះបញ្ជី បច្ចុប្បន្នក្រសួងជំនាញ កំពុងតែរៀបចំវិធានការ និងត្រៀមអនុវត្តចំពោះបណ្តាក្រុមហ៊ុនដែលមិនទាន់មានច្បាប់ ដូចជាការផាកពិន័យ ឬអាចឈានដល់តំណាក់កាលផ្អាកសកម្មភាពអាជីវកម្មប្រសិនស្ថិតនៅក្នុងករណីធ្ងន់ធ្ងរ”។
ជាមួយនឹងការត្រៀមដាក់ចេញនូវវិធានការច្បាប់នេះ លោកក៏បានលើកទឹកចិត្តដល់អ្នកដែលកំពុងតែអនុវត្តអាជីវកម្ម ក្នុងវិស័យនានាចូលរួមគោរពច្បាប់ និងចុះបញ្ជីឱ្យបានត្រឹមត្រូវទាំងអស់គ្នា ដើម្បីលើកកម្ពស់ និងរក្សាបាននូវភាពរីកចម្រើនរបស់ក្រុមហ៊ុនយូរអង្វែង។
អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានបង្ហាញពីការគាំទ្រនូវចំណាត់ការ ក៏ដូចជាវិធានការដែលរដ្ឋាភិបាលត្រៀមអនុវត្តខាងលើនេះ។