​កំពង់ឆ្នាំង​ ៖​ ដោយ​មានការ​យកចិត្តទុកដាក់​ពី​ឧត្តមសេនីយ៍ទោ​ ខូ​វ​ លី​ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​បញ្ជា​កងកម្លាំង​ជំនាញ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ជន​ទំនើង​ គប់​កញ្ចក់​រថយន្ត​ពេល​យប់​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ ។​

​ជាក់ស្តែង​នៅ​ចំណុច​មុខ​រោងចក្រ​ ហឹ​រ៉ា​យ​ហ្សី​ន​អេ​ឌ័​រ​ ស្ថិត​នៅ​ភូមិ​ជន្លាត់ដៃ​ ឃុំ​ស្វាយ​ ស្រុក​សាមគ្គី​មាន​ជ័យ​ និង​ចំណុច​ដទៃ​ផ្សេង​ទៀត​តាម​ដងផ្លូវ ​ដែល​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​បន្ត​ ។​

​នៅ​វេលា​ម៉ោង​ ២៣​និង​១៥​នាទី​ ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០២០​ មាន​ករណី​គប់​កញ្ចក់​រថយន្ត​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ នៅ​ចំណុច​មុខ​រោងចក្រ​ ហឹ​រ៉ា​យ​ហ្សី​ន​អេ​ឌ័​រ​ ស្ថិត​នៅ​ភូមិ​ជន្លាត់ដៃ​ ឃុំ​ស្វាយ​ ស្រុក​សាមគ្គី​មាន​ជ័យ​ បណ្តាល​ឱ្យ​បែក​កញ្ចក់​រថយន្ត​ តែ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ទេ​ ។​
​ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​អ្នកបើកបរ​រថយន្ត​ភ្លាម​ អធិការ​នគរបាល​ស្រុក​ បាន​បញ្ជា​ឱ្យ​កម្លាំង​ អន្តរាគមន៍​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​លង្វែក​ ចុះ​អន្តរាគមន៍​ និង​ស្រាវជ្រាវ​ជា​បន្ទាន់​ ។​

​ជា​លទ្ធផល​ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​ វត្ត​ត្រឡែងកែង​ ភូមិ​ផ្សារ​ត្រាច​ ឃុំ​លង្វែក​ មានឈ្មោះ​ដូច​ក្រោម​៖​ ១-​ផ្ទាត់​ សុ​ផា​ ភេទ​ប្រុស​ អាយុ​២០​ ឆ្នាំ​ រស់នៅ​ភូមិ​ឧកញ៉ា​ប៉ា​ង​ ឃុំ​លង្វែក​ ។​ ២-​ប្រាក់​ គង់​ ភេទ​ប្រុស​ អាយុ​២០​ ឆ្នាំ​ រស់នៅ​ភូមិ​ឧកញ៉ា​ប៉ា​ង​ ឃុំ​លង្វែក​ ។​

​ដកហូត​បាន​វត្ថុ​តាង​ ដាវ​០១​ ដើម​ ជំ​ពាម​កៅស៊ូ​០១​ ម៉ូតូ​០១​ គ្រឿង​។​ ចំពោះ​បក្ខពួក​ជនសង្ស័យ​ចំនួន​ ០៤​នាក់ ​ជិះ​ម៉ូតូ​០២​គ្រឿង​ បាន​រត់គេច​ខ្លួន​ជា​មុខសញ្ញា​នៅ​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ។​ ​ករណី​នេះ​កម្លាំង​នគរបាល​ជំនាញ ​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕