ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី បង្កអំពើហិង្សាប្រព្រឹត្តដោយសហពន្ឋ័ (វ៉ៃឪពុកបង្កើត) កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង ០០នាទី ត្រង់ចំណុចក្នុងផ្ទះគ្មានលេខ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ បណ្តុះ សូលីដា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ស្ថិតនៅ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ១.កង្ហារ ពណ៌ប្រផេះ(បាក់ជាពីរ) ចំនួន០១គ្រឿង។
សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃ ទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី ជនរងគ្រោះ ឈ្មោះ សូម៉េត បណ្តុះ ភេទប្រុស អាយុ៥៦ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ ឈ្មោះ បណ្តុះ សូលីដា ភេទប្រុស អាយុ៣១ឆ្នាំ) កំពុងសំរាកនៅក្នុងផ្ទះ ស្ថិតនៅភូមិអន្លង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យផឹកស្រាស្រវឹង ជេប្រមាថមើលងាយ ឈ្មោះ ហោ យ៉េម ភេទស្រី អាយុ ៤៣ឆ្នាំ (ត្រូវជាស្រីស្នេហ៍របស់ជនសង្ស័យ) ហើយជនរងគ្រោះ(ឪពុកបង្កើតរបស់ជនសង្ស័យ) បានហាមឃាត់ជនសង្ស័យ កុំអោយឈ្លោះប្រកែកគ្នា តែជនសង្ស័យមិនស្តាប់ ហើយថែមទាំងជេរជនរងគ្រោះថា អាចុយម្រាយឯងមកវ៉ៃអាញ់មក ។ បន្ទាប់មកជនរងគ្រោះបានស្ទុះទៅ ទះកំភ្លៀងជនសង្ស័យខាងស្តាំចំនួនមួយដៃ ហើយជនសង្ស័យខឹងក៏បាន រុញច្រានជនរងគ្រោះអិបនឹងជញ្ជាំង រួចទាញកង្ហារវ៉ៃទៅលើជនរងគ្រោះពីក្រោយមួយកង្ហារ បណ្តាលអោយកង្ហារបាក់ជាពីរកំណាត់ ។ ពេលឃើញដូចនេះឈ្មោះ ឡេង ណារ៉ុង ភេទស្រី អាយុ៤៩ឆ្នាំ (ត្រូវជាប្រពន្ឋរបស់ជនរងគ្រោះ និងជាម្តាយបង្កើតរបស់ជនសង្ស័យ) បានចូលទៅឃាត់ ហើយចាប់ទាញជនរងគ្រោះចេញក្រៅផ្ទះ ហើយជនសង្ស័យបានជេជនរងគ្រោះថា អាញ់សម្លាប់អាចុយម្រាយឯងអោយងាប់ រួចជនសង្ស័យបានស្ទុះដាល់ជនរងគ្រោះ មួយដៃចំកណ្តាលមុខដួលផ្ងាល់ទៅក្រោយលើឥដ្ឋការ៉ូបណ្តាលអោយ បែកក្បាលជងរងគ្រោះសន្លប់បានបាត់ស្មារតី យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោ ដេចំនួន០៣ថ្នេរ ។
ក្រោយកើតហេតុ ឈ្មោះឡេង ណារ៉ុង បានមករាយការណ៍និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស រួចសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃសបានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស តាមនីតិវិធីច្បាប់តែម្តង ៕