ភំ្នពេញ ៖ កាលពី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨ និង ០០នាទី នៅចំណុចក្នុងផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បាញ់សម្លាប់ ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ នាយរងផ្នែកបច្ចេកទេសនិងគិលានដ្ឋាន នៃនាយកដ្ឋានអង្គរក្ស ក្រសួង មហាផ្ទៃ (ស្លាប់ដោយត្រូវគ្រាប់កាំភ្លើង០១គ្រាប់ ចំក្បាលចំហៀងខាងស្តាំធ្លាយទៅខាងឆ្វេង) ។
ជនរងគ្រោះជាប្រពន្ធ ឈ្មោះ កែវ ស្រីដា អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ លំនៅផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មេផ្ទះ (ស្លាប់ដោយត្រូវគ្រាប់កាំភ្លើង០២គ្រាប់ ត្រូវចំប្រអប់ទ្រូងខាងស្តាំធ្លាយ មកប្រអប់ទ្រូង ខាងឆ្វេងចំនួន០១កន្លែង និង ត្រូវចំក្រោមផ្ចិតធ្លាយមកកណ្តាលខ្នងចំនួន០១កន្លែង) ។
វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ ៖ អាវុធខ្លី០១ដើមម៉ាកឡុកចិន CF92 ពណ៍ខ្មៅ លេខ 00249109236 ,បង់ចំនួន០១, គ្រាប់ចំនួន០៥គ្រាប់, សំបកកាទុះចំនួន០៣សំបក (ត្រូវបានការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុក ) ។
ហេតុការណ៍ ៖ តាមការបំភ្លឺរបស់ឈ្មោះ អ៊ុក សុផាន់ណា ភេទ ស្រី អាយុ ៤៥ ឆ្នាំ (ត្រូវជាបងស្រីរបស់ឈ្មោះ អ៊ុក ម៉ារ៉ាឌី) បានឲ្យដឹងថា ៖ កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១៧និង១០នាទី រូបគាត់ (ឈ្មោះ អ៊ុក សុផាន់ណា) កំពុងដាំបាយនៅក្នុងផ្ទះកើតហេតុ ស្រាប់តែឃើញប្អូន ប្រុសឈ្មោះ អ៊ុក ម៉ារ៉ាឌី ត្រឡប់មកផ្ទះ ហើយមួយសន្ទុះក្រោយមក ក៏ឃើញប្រពន្ធឈ្មោះ កែវ ស្រីដា ត្រឡប់មកផ្ទះតាមក្រោយ ក្នុងពេលនោះអ្នកទាំង បានឈ្លោះប្រកែកគ្នា (ដោយស្រ្តីជាប្រពន្ធប្រច័ណ្ឌចោទប្តីថាមានស្រី) ខណៈនោះឈ្មោះ អ៊ុក ម៉ារ៉ាឌី បានយកកាំភ្លើងខ្លី០១ដើមម៉ាកឡុកចិន ពណ៍ខ្មៅ មកអាមេគំរាមប្រពន្ធឈ្មោះ កែវ ស្រីដា ក្នុងពេលនោះឈ្មោះ អ៊ុក សុផាន់ណា បានស្ទុះចេញពីចង្រ្កានបាយចូលទៅឃាត់អ្នកទាំង០២ឲ្យឈប់ឈ្លោះគ្នា រួចដើរត្រឡប់មកកន្លែងដាំបាយវិញ ស្រាប់តែអ្នកទាំង០២នាក់ បានឈ្លោះគ្នាបន្តទៀត ហើយក៏ឮស្នួរកាំភ្លើងចំនួន០២គ្រាប់បន្តបន្ទាប់គ្នា ពេលនោះ ឈ្មោះ អ៊ុក សុផាន់ណា បានរត់ទៅមើលឃើញឈ្មោះ អ៊ុក ម៉ារ៉ាឌី ដេកស្លាប់នៅលើកំរាលឥដ្ឋ ចំណែកឈ្មោះ កែវ ស្រីដា បានដេកស្លាប់នៅលើកៅអីផ្ងា ក្រោយក្បាលទល់ឥដ្ឋ (នៅក្បែរគ្នា) ។
សន្និដ្ឋាន ៖ តាមការពិនិត្យរបស់ លោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ , ការពិនិត្យរបស់ការិយាល័យ នគរបាលបច្ចេកទេស វិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ការប្រមូលព័ត៍មាននៅកន្លែងកើតហេតុ យើងសន្និដ្ឋាន ជាករណី ឃាតកម្ម (បាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ ខ្លួនឯង) ពិតប្រាកដមែន ។ ចំពោះសពប្តីឈ្មោះ អ៊ុក ម៉ារ៉ាឌី ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅ ស្រុកកំណើត ភូមិ ពៅ ឃុំ ជ្រៃ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង ចំណែកសពប្រពន្ធឈ្មោះ កែវ ស្រីដា ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅ វត្តសំបួរមាស សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕