សៀមរាប៖ នៅវេលាម៉ោង០៤ នឹង ២០នាទីទាបភ្លឺ ថ្ងៃទី០៨ ខែតុលាឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងស្តុបកោះកេរ ចម្ងាយប្រមាណ ២៥០ម៉ែត្រ ស្ថិតនៅវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឱ្យមនុស្ស២នាក់ បានស្លាប់ និងរងបួសធ្ងន់ម្នាក់។

លោក វរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានស្ត្រីអ្នករួមដំណើរ ឈ្មោះ ម៉ាត ម៉ារ៉ានី អាយុ១៨ឆ្នាំ មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ។

ចំណែកតៃកុងរថយន្តម៉ាកស៊ីណាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប ២C៦០៦៣ ឈ្មោះ សាំង សាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោគដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប បានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ក្នុងនោះ អ្នករួមដំណើរម្នាក់ទៀត ឈ្មោះ គឹម រដ្ឋា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប រងរបួសធ្ងន់។

ក្រោយពីធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំណែកវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តសៀមរាប ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕