ភ្នំពេញ ៖ បុរស៥នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោបង្ក្រាបឃាត់ខ្លួន ខណៈកំពុងល្បាតការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ហើយប្រទះឃើញពួកគេកំពុងធ្វើសកម្មភាព គាស់ទម្លុះឃ្លាំងមួយកន្លែងដើម្បីទ្រព្យសម្ភារៈ ។
ករណីនេះ កម្លាំងបានធ្វើឡើងនាវេលាម៉ោង០១ និង ៣០នាទីរំលងអធ្រាត្រ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចឃ្លាំងគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវ២១៧ ស្ថិនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន០៥នាក់រួមមាន ៖
១-ឈ្មោះ តុង ឡៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ព្រុំ វណ្ណរិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ បូ ភារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹង មាន ជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ មាស ស្នា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ក្នុងនោះដកហូតវត្ថុតាងដែលជាឧបករណ៍ សម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន ។
ពេលជនសង្ស័យទាំង០៥នាក់ខាងលើ កំពុងតែធ្វើសកម្មភាពលោតផ្លោះរបងចូលទៅក្នុងបរិវេណឃ្លាំង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចប្រើសោរចិញ្ចៀនគាស់បំបែកមេសោរចាក់ទ្វារឃ្លាំងចូលលួចយក ទ្រព្យ សម្បត្តិ ក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដែលកំពុងជិះម៉ូតូល្បាតតាម ផ្លូវ២១៧ មើលឃើញជនសង្ស័យទាំង០៥នាក់ខាងលើ កំពុងធ្វើសកម្មភាព ក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលើបាន រួមនិងវត្ថុតាងជាក់ស្តែង ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ (ជនសង្ស័យទាំង០៥នាក់) ពិតជាបានធ្វើសកម្មភាពគាស់បំបាក់ដែករនាំងបង្អួច ឃ្លាំងរោងចក្រ ដែលគេបិទទ្វារទុកចោលក្បែរកន្លែងកើតហេតខាងលើ លួចយកដែកបានចំនួន០១ផ្ទាំង លើកដាក់លើរ៉ឺម៉ក រួចបន្តធ្វើសកម្មភាពលោតផ្លោះរបងចូលទៅក្នុងបរិវេណឃ្លាំងកើតហេតុខាងលើ គោលបំណងគាស់បំបែកកូនសោរឃ្លាំង ចូលលួចយកទ្រព្យសម្បត្តិនៅខាងក្នុងឃ្លាំងប្រាកដមែន ។ កន្លងមកពួកគេ (ជនសង្ស័យ) បានធ្វើសកម្មភាព គាស់ផ្ទះលួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើករួចមកហើយ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានកម្លាំងកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕