មណ្ឌលគិរី ៖ នៅថ្ងៃអាទិត្យ៩រោជខែ អស្សុជ ឆ្នាំ ជូត ទោស័ក.ព.ស២៥៦៤ ត្រូវនឹងថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានកាសំសម្របសម្រួលដោយពី លោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅផ្ទះលេខ១០ ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានធ្វើការឆែកឆេរ និងឃាត់ខ្លួនក្នុងលំនៅដ្ឋានជនសង្ស័យចំនួន ០៣នាក់ ដូចមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ អាត សុធារ៉ា ហៅម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
២.ឈ្មោះ ម៉ៅ រដ្ឋា ហៅតុញ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
៣.ឈ្មោះ ឈិន ម៉េងឡុង ហៅម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
-វត្ថុតាំដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន៖
១.សារធាតុសង្ស័យថាជាមួយសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០៨កញ្ចប់តូច (មិនទាន់ថ្លឹង)
២.ទូរស័ព្ទដៃ ចំនួន០៩គ្រឿង (ម៉ាកHUAWEI ០១គ្រឿង, ម៉ាក OPPO ០១គ្រឿង , ម៉ាក Camfone ០១គ្រឿង , និងម៉ាក ចុចពិល០៦គ្រឿង)
៣.ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង
៤.កាបូបលុយ ចំនួន០២
៥.ប្រាក់រៀល ចំនួន៥០៧,៦០០៛ (ហាសិបម៉ឺនប្រាំពីរពាន់ប្រាំមួយរយរៀល)
៦.ប្រាក់ដុល្លា ២$ (ពីរដុល្លា)
៧.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០២សន្លឹក
៨.អត្តសញ្ញាណប័ណ្ណនាយទាហាន ចំនួន០១សន្លឹក
៩.ដែកកេះ ចំនួន១៩ដើម
១០.កន្ត្រៃ ចំនួន០៥ដើម
១១.ដបទឹកកែច្នៃសម្រាប់ជក់ថ្នាំញៀន ចំនួន០២
១២.កែវសម្រាប់ជក់ថ្នាំញៀន ចំនួន០៣
១៣.ថង់វេចខ្ចប់ និងទុយោរមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕