ភ្នំពេញ៖ ជារឿងគួរឲ្យសង្វែកយ៉ាងខ្លាំង ដែលមានរឿងហេតុមួយទាក់ទងនឹង ស្រ្តីកូនខ្ចីម្នាក់ បានស្លាប់ភ្លាមៗ ក្រោយពីជិះម៉ូតូធ្លាក់លូ ខណៈកំពុងតែភ្លៀង ។
េហតុការណ៍នេះ៖ បានកើតឡើងនៅវេលាម៉ោង៦:១៨នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយនារីជាជនរងគ្រោះមាន ឈ្មោះ ជា រដ្ឋា អាយុ ៣៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិ៥ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយបច្ចុប្បន្នរស់នៅភ្នំពេញ និងទើបសម្រាលកូនបាន ៧ខែ តែប៉ុណ្ណោះ តែជាអកុសល ពេលនេះជនរងគ្រោះ បានបាត់បង់ជីវិត ចោលកូនរបស់ខ្លួន ។
បើតាមអ្នកដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នារីរងគ្រោះ បានជិះម៉ូតូស្កុបពី ពណ៌ស ជិះពីជើង មកត្បូង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែគាត់ជិះធ្លាក់លូ បណ្តាលឲ្យផ្កាប់មុខលិចចូលលូ ភ្លាមៗនោះ ។
ប្រជាពលរដ្ឋ ក៏បានរត់ទៅជួយ និងធ្វើចលនាបេះដូង តែពិតជាគួរឲ្យសោកស្តាយរូបនាង បានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយកើតហេតុ សពរបស់ជនរងគ្រោះ ក៏បានសាច់ញាតិយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីខ្មែរ នៅស្រុកកំណើត ផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវ ដែលលិចលង់ដោយជំនន់ទឹកភ្លៀង ព្រោះវាអាចបណ្តាលឲ្យ មានរឿងហេតុកើតឡើង ជាយថាហេតុ៕