ពោធិ៍សាត់ ៖ កាលពីល្ងាចថ្ងៃ ទី១៣ ខែតុលាឆ្នាំ២០២០ វេលាម៉ោង៥ និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធំថយក្រោយជាន់កិនពីលើម្តាយនិងកូន ខណៈ កំពុងជិះម៉ូតូឌុបគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវក្រាលក្រួសក្រហមមាត់ប្រឡាយទឹកចំណុច រលាងម្ដុំ ភូមិបួរស្រង៉ែ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
បើតាមការរបញ្ជាក់របស់ម្ចាស់រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌(ស)ពាក់ផ្លាកលេខពោធិ៍សាត់3A -1373 បានបញ្ជាក់ថា អ្នកស៊ីឈ្នួលបើកបររថយន្តរបស់ខ្លួន ឈ្មោះ ធឿនភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកបរក្នុងទិសពីជើងទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានឈប់រថយន្ដហើយបានថយក្រោយទៅជាន់មនុស្សកំពុងជិះម៉ូតូពីក្រោយ ក្នុងដំណើរស្របទិសគ្នា បណ្ដាលឲ្យស្លាប់ម្តាយ និង កូននៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។
លោក វរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់មាន ឈ្មោះឌឺ សុខឡឹកអាយុ ៣២ឆ្នាំ ត្រូវជាម្ដាយរស់នៅ ភូមិស្ទឹងកំបុត ឃុំត្រពាំងជងស្រុកបាកាន (ស្លាប់ ) និងកូនឈ្មោះ មួង ចាន់រ៉ាអាយុ ១០ឆ្នាំ ភេទប្រុស(ស្លាប់)។
ចំពោះអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ រីឯសាកសពទាំងពីរនាក់សមត្ថកិច្ច បានប្រគល់ឲ្យទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកឯម៉ូតូនិងរថយន្តសមត្ថកិច្ចនគរបាលបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបំពេញបែបបទទៅតាមនីតិវិធី ៕