កណ្តាល៖ រឿងដ៏ហួសចិត្តដែលសង្គមស្អប់ខ្ពើមមួយ គឺឪពុកបង្កើតចិត្តតិរិច្ឆាន បានរំលោភកូនខ្លួនឯងតាំងពីអាយុ ១៣ឆ្នាំ រហូតដល់បច្ចុប្បន្ន ម្តាយបែជាមិនដឹង ទើបតែបែកធ្លាយពេលកូនស្រីដែលជាជនរងគ្រោះលួចប្រាប់អ្នកជិតខាង។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងបន្ទាប់ពីសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០:០០នាទីព្រឹក ចំណុចផ្ទះជនរងគ្រោះ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ  ស.វ.ស.ន ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវ(ជាកូនស្រីបង្កើត) ។ ចំណែកជនសង្ស័យឈ្មោះ ឃឹម សុវណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅជាមួយគ្នា ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ ។

នារីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា៖ នាងត្រូវឪពុកខ្លួនរំលោភនាងតាំងពី ឆ្នាំ២០១៦ មកម្ល៉េះ ។ កាលនោះ ម្ដាយជនរងគ្រោះទៅធ្វើការនៅរោងចក្រ ដោយទុកកូន ០៣នាក់ នៅជាមួយឪពុក ដោយនាងជាកូនស្រីច្បង ពេលនោះមានអាយុ ១៣ឆ្នាំ នៅវេលាម៉ោង០៨:០០នាទីព្រឹកដោយប្អូនប្រុសនាង ០២នាក់ ទៅដើរលេងបាត់ ក្នុងពេលនោះឪពុកនាងក៏បានហៅជនរងគ្រោះឱ្យឡើងទៅលើផ្ទះ ហើយក៏បានធ្វើសកម្មភាពចាប់ស្រាតខោអាវ និងរំលោភនាង រហូតបានសម្រេច ហើយគាត់បានគំរាមនាងថា÷ “បើហ៊ានប្រាប់ម៉ែង៉ែង អញនឹងសម្លាប់ចោល” ។ ចាប់ពីពេលនោះមក ឪពុកនាង បន្តធ្វើសកម្មភាពរំលោភនាងជាបន្តបន្ទាប់ លើកលែងតែថ្ងៃអាទិត្យ ដែលម្តាយនាងនៅផ្ទះ តែនាងមិនហ៊ាននិយាយប្រាប់ម្ដាយរបស់ខ្លួនឡើយ ។ រហូតមកដល់ថ្ងៃទី១៣ ខែតុលា២០២០ វេលាម៉ោង១០:០០នាទីព្រឹក ក្រោយពីម្ដាយនាងទៅធ្វើការរោងចក្របាត់ នាងក៏បានទៅលាងចានឆ្នាំង ក្នុងពេលនោះឪពុកនាងក៏បានចាប់បីនាងចូលក្នុងបន្ទប់ ហើយក៏ចាប់រំលោភបានសម្រេច បន្ទាប់មកឪពុកនាងបានប្រើនាងឲ្យទៅខ្ចីលុយឈ្មោះ រី ចំនួន ០២ម៉ឺនរៀល តែឈ្មោះ រី មិនមានលុយអោយខ្ចីនោះទេ ពេលនោះនាង ក៏នៅនិយាយលេងហើយក៏បានប្រាប់រឿងរ៉ាវរបស់ខ្លួនកន្លងមកប្រាប់ទៅឈ្មោះ រឹម ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ រី ក្រោយពីដឹងរឿងរ៉ាវ បន្ទាប់មកឈ្មោះ រុន និងឈ្មោះ ឌី ក៏បានជូនជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។ ក្រោយពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅឃាត់ខ្លួនជនសង្ស័យ ភ្លាមៗយកមកសួរនាំនៅប៉ុស្តិ៍ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនបានឆ្លើយសារភាពទេ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ករណីនេះជំនាញ និងប៉ុស្តិ៍ប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី ។