នៅរសៀលថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដំណោះស្រាយរវាងកម្មករប្រមូលសំរាម ជាមួយនឹងក្រុមហ៊ុន ស៊ីន ទ្រី និងរដ្ឋបាលរាជធានីភ្នំពេញ បានឈានដល់ការឯកភាពគ្នាហើយ។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា ផ្ញើសារមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមថា៖«កម្មករ ចេញឡាន [ប្រមូលសំរាម] ហើយ»។
លោក កៅ សាវ៉ាត មេសហជីពរបស់កម្មករស៊ីនទ្រី ហើយក៏ជាអ្នកបើកឡានប្រមូលសំរាមដែរនោះ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា៖«[កម្មករប្រមូលសំរាម] ព្រមចូលធ្វើការវិញល្ងាច [ថ្ងៃទី១៤តុលា] ហ្នឹងហើយ ដោយសារមានដំណោះស្រាយពីបងអភិបាលរងរាជធានីភ្នំពេញទាំងពីររូប និងអគ្គនាយកក្រុមហ៊ុន ស៊ីន ទ្រី»។
នៅរសៀលថ្ងៃ ទី១៤ ខែតុលានេះ មេសហជីព តំណាងក្រុមហ៊ុន ស៊ីន ទ្រី អភិបាលរងសាលារាជធានីភ្នំពេញ និង អ្នកពាក់ព័ន្ធផ្សេងទៀត បានជួបប្រជុំពិភាក្សាគ្នាជាថ្មី ដើម្បីរកដំណោះស្រាយជូនកម្មករប្រមូលសំរាម។ ការបើកិច្ចប្រជុំជាថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីកម្មករប្រមូលសំរាម បានដាក់ញត្តិនៅសាលារាជធានីភ្នំពេញ ដើម្បីជួយរកដំណោះស្រាយ។
លោក កៅ សាវ៉ាត អះអាងថា ក្រុមហ៊ុន ស៊ីន ទ្រី យល់ព្រមឯកភាពលើសំណើរបស់កម្មករប្រមូលសំរាមហើយ។
លោក មានប្រសាសន៍ថា៖«គាត់ [ម្ចាស់ក្រុមហ៊ុន ស៊ីន ទ្រី] នឹងទូទាត់អត្ថប្រយោជន៍ទាំងអស់ហ្នឹង ក្នុងខែកុម្ភៈ [ឆ្នាំ២០២១]…ដល់ [កម្មករ] ទាំងអស់ ទាំង២១៥០នាក់»។
លោក បន្តថា៖«ពួកគាត់ កំពុងរៀបចឡានបណ្តើរៗហើយ ឥឡូវកំពុងបញ្ឆេះ [ឡាន] ហើយ កំពុងរៀបចំចាក់ប្រេង ចាប់ផ្តើមបន្តការងាតពីឥឡូវទៅហើយ»។