ព្រះសីហនុ៖ ឯកឧត្តម ហុង ម៉េងហ៊ួ អនុរដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្ដម ឆេង សុភ័ក្រ្ត សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ឈិន សេងងួន អភិបាលរងខេត្តព្រះ សីហនុ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វ ផ្សាយ ស្តីពីការចាប់ផ្តើមដំណើរ ការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រឆ្នាំ២០២០ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គ ភាពក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
តាមអនុក្រឹត្យលេខ ២៩១អនក្រ ប.ក ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ប្រកាសលេខ ១១៤ផក ស្ដី ពីប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ, លិខិតរបស់ក្រសួងផែនការស្ដីពីការអនុវត្តនិងសហការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងចំណារ ឬលិខិតឆ្លើយតបរបស់ គណៈអភិបាលខេត្ត សម្រាប់កំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅខេត្តព្រះសីហនុ ។
ភារកិច្ចចម្បងរបស់មន្ទីរផែនការ គឺការងារគ្រប់គ្រងនិងសម្របសម្រួលលើដំណើរ ការអនុវត្តការងារសញ្ញាណកម្មគ្រួសារក្រីក្រមានជាអាទិ៍ ផ្សព្វផ្សាយព័ត៌មានដល់អាជ្ញាធរខេត្ត ស្រុក អង្គរការ អ្នកផ្តល់សេវាអំពីការចាប់ផ្ដើមអនុវត្តដំណើរ ការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ការរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់, ការបណ្ដុះបណ្ដាលថ្នាក់ស្រុក-ក្រុង, ការបណ្ដុះបណ្ដាលថ្នាក់ឃុំ-សង្កាត់ ស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការតាមដានត្រួតពិនិត្យការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដោយចុះតាមដានបណ្ដុះ បណ្ដាល ការសម្ភាស កិច្ចប្រជុំថ្នាក់ឃុំ សង្កាត់ កិច្ចប្រជុំពិ គ្រោះយោបល់ក្នុងភូមិ ដើម្បីរៀបចំរបាយការណ៍តាមដានត្រួតពិនិត្យវាយតម្លៃគ្រួសារក្រីក្រប្រកបដោយតម្លាភាព ។
តាមរបាយការរបស់មន្ទីរផែនការខេត្តព្រះសីហនុបានឧ្យដឹងថា គ្រួសារក្រីក្រនៅខេត្តព្រះសីហនុឆ្នាំ២០១៧ មានចំនួន ៣,៩៧៥ គ្រួសារ និងគ្រួសារក្រីក្រអំឡុង កូវីដ-១៩ មានចំនួនសរុប ៥,២៦៥ គ្រួសារ ក្នុងនោះក្រ-១ មានចំនួន ២,៦៧៣គ្រួសារ ក្រ-២ មានចំនួន ២,៥៩២គ្រួសារ ។ សរុបគ្រួសារក្រីក្រឆ្នាំ ២០១៧ និងអំឡុងកូវីដ-១៩ សរុបមានចំនួន ៩,២៤០គ្រួសារ ក្នុងនោះ ក្រ-១ មានចំនួន ៤,០៨៥ គ្រួសារ និងក្រ-២ មានចំនួន ៥,១៥៥គ្រួសារ ៕