ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញ(ក.ប.ប) សាខាខេត្តបន្ទាយមានជ័យព្រមានដល់អាជីវករ ហាមដាក់តាំងលក់ផលិតផលដែល គ្មានប្រភពច្បាស់លាស់ ដល់ម្ចាស់ តូប ម៉ាត និងផ្សារមួយចំនួន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលចុះត្រួតពិនិត្យគុណភាពផលិតផល ទំនិញ ម្ហូបអាហារ និងម្សៅទឹកដោះគោ ដើម្បីការពារសុខភាពអ្នកប្រើប្រាស់ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០។

សកម្មភាពត្រួតពិនិត្យទំនិញ មន្ត្រីជំនាញ បានណែនាំអាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដើម្បីឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការទិញយកទៅបរិភាគ ចៀសវាងហានីភ័យដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។

ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងផលិតផលម្ហូបអាហារ និងផលិតផលទំនិញនោះឡើយ ប៉ុន្តែនៅតាមម៉ាត និងផ្សារមួយចំនួន នៅតែមានករណីដាក់តាំងលក់នូវផលិតដែលគ្មានប្រភពច្បាស់លាស់ គ្មានការបិទថ្ងៃផុតកំណត់នៃសុពលប្រើប្រាស់ទំនិញ និងមានផលិតផលម្សៅទឹកដោះគោមួយចំនួន មិនបានបិទកំរិតសាធាតុផ្សំ និងវិធីប្រើប្រាស់ជាភាសាខ្មែរឡើយ ដែលជាផលលំបាកសំរាប់អាណាព្យាបាល ក្នុងការលាយឲ្យទារកញ៉ាំឡើយ។ មន្ត្រីជំនាញ(ក.ប.ប)ព្រមានថា បើមានលើកក្រោយ និងដកហូតអនុវត្តទៅតាមផ្លូវច្បាប់៕