បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្វះខាតរងគ្រោះដោយសារទឹកជំនន់៤០គ្រួសារ ក្នុងចំណោមពលរដ្ឋ៣២៤គ្រួសារ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានលោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកឃុំ ព្រះសង្ឃ និងសប្បុរសជន ចុះសួរសុខទុក្ខ និងចែក គ្រឿងឧបភោគបរិភោគនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
លោក ស្វាយ ជា អភិបាលរងស្រុកម៉ាឡៃបានឲ្យដឹងថា ទឹកជំនន់ឡើងខ្លាំងធ្វើឲ្យប៉ះពាល់ខ្នងផ្ទះប្រជាពលរដ្ឋ នៅថ្ងៃទី១០ និង១១ ខែតុលា ឆ្នាំ២០២០ ដែលទឹកហូរមកពីប្រទេសថៃ បានធ្វើឲ្យមានផលប៉ះពាល់ ប្រជាពលរដ្ឋនៅក្នុងស្រុកម៉ាឡៃមានចំនួន៦ឃុំ ប៉ះពាល់ពលរដ្ឋចំនួន ១,៧៩៥ គ្រួសារ/ខ្នងផ្ទះ មានមនុស្សរាយ ៦,០៨០នាក់ ស្លាប់១នាក់ ជម្លៀសបានពលរដ្ឋមកទីទួលសុវត្ថភាពចំនួន២០០គ្រួសារ, ប៉ះពាល់ដំណាំស្រូវ១៨០.៥ហិកតា ដំឡូងមី៧១៥.៩ហិកតា ដំណាំរួមផ្សំ៣៣៥.១ហិកតា, សាលារៀន៩កន្លែង, វត្ត២កន្លែង, ទឹកហូរកាត់ផ្លូវ៦៤ខ្សែដែលមានប្រវែង២០,៧៥០ម៉ែត្រ និងសត្វមាន់ទាស្លាប់ជាច្រើនរយក្បាលផងដែរ។
លោក ស្វាយ ជា បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១១មកទល់និងថ្ងៃទី១៥ ស្ថានភាពទឹកជំនន់ បានថមថយហូរស្រកជាបណ្តើរៗហើយ៕