ព្រះសីហនុ៖ នៅព្រឹកថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យដោះស្រាយ រំដោះទឹកដែលលិចទីធ្លាសាលារៀន សាគូរ៉ា ទំនប់រលក ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ដែលទីតាំងនេះតែកើតមានការលិចទីធ្លា រាល់ពេលមានភ្លៀងធ្លាក់ម្តងៗ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា បើទោះជាក្រុងព្រះសីហនុបច្ចុប្បន្នមិនមានជំនន់ទឹកភ្លៀង ក្នុងស្ថានភាពធ្ងន់ធ្ងរយ៉ាងណាក្តី ប៉ុន្តែរដ្ឋបាលខេត្តនឹងបន្តចុះគ្រប់ទីកន្លែងដើម្បី ដោះស្រាយករណីចាំបាច់ តាមកន្លែងដែលមានទឹកលិច និងអំពាវនាវឲ្យពលរដ្ឋចូលរួមសហការបន្ត តាមគោលការណ៍របស់រដ្ឋបាលខេត្តក្នុងការ ស្តារអូរប្រឡាយ បើកផ្លូវទឹក។

ឯកឧត្ដមក៏ បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត យកគ្រឿងចក្រកាយស្តាប្រព័ន្ធលូក្នុងសាលារៀននេះឡើងវិញ ដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន ដោយសារតែសាលា រៀននេះមាននីវ៉ូទាប ដូច្នេះពេលភ្លៀងធំម្តងៗតែងតែជួបនូវជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះយើងមានតែរួមគ្នាកាយស្តាប្រព័ន្ធលូនេះបន្តទៀត រង់ចាំក្រុមហ៊ុនសាងសង់ផ្លូវធ្វើមកដល់យើងនឹងដាក់លូធំ ដើម្បីរំដោះជំនន់ទឹកភ្លៀងបានទាន់ ពេលវេលាសម្រាប់ការសិក្សារបស់សិស្សានុ សិស្សទាំងពីរកម្រិត ។

ឯកឧត្តម គួច ចំរើន បន្តថាបញ្ហាចំពោះមុខយើងត្រូវដាក់គ្រឿងចក្រនៅតាមអូប្រឡាយ ដើម្បីជួយស្តាប្រព័ន្ធលូ អូ ប្រឡាយរំដោះទឹកភ្លៀងបានទាន់ពេលវេលា ទន្ទឹមនោះក៏សំណូមពរប្រជាពលរដ្ឋចូលរួមសហការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះចោលរាយប៉ាយនាំឱ្យបាត់បង់សោភ័ណភាព បរិស្ថានក្នុងក្រុងរបស់យើង ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីជំនាញបន្តចុះទៅពិនិត្យស្ថានភាពអូរ និងស្តារប្រឡាយមួយចំនួនទៀត ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕