​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២៣​ និង ​៣០​នាទី​យប់​ នៅ​ចំណុច​ ផ្លូវ​ ១៧៣​ ប្រសព្វ​ផ្លូវ​៣២៨​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌ​បឹង​កេងកង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ រវាង​រថយន្ត​ម៉ាក​ Lexus​ NX​ 200T​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ 2BH-8494​ ជាមួយ​ ម៉ូតូ​ម៉ាក​ Honda​ C125​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​ លេខ​ កណ្តាល​ 1AI-3848​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​ Lexus​ 200T​ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​១៧៣​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។​ លុះដល់​កន្លែង​កើត​បាន​បុក​ម៉ូតូ​១​គ្រឿង​ពីក្រោយ​ រួច​ហើយ​​ថយរថយន្តមកក្រោយ​កិន​បន្ថែម​ទៀត​ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ ស្លាប់​នៅ​កន្លែង​កើត​ ហេតុ​ និង​អ្នក​រួម​ដំណើរ​ម៉ូតូ​ម្នាក់​រង​របួសធ្ងន់​ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ​ យ៉ា​ន់​ណា​ លី​ណា​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ពេទ្យធ្មេញ​ ស្នាក់​នៅផ្ទះ​លេខ​៥​អឹ​ម​ ក្រុម​ទី​៤​ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ទី​១​ សង្កាត់​ចោម​ចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (​បន្ទាប់​កើតហេតុ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លូ​ន​ រួម​នឹង​រថយន្ត​ )​ ។​

​ភា​ភី​ម៉ូតូ​ជា​ជន​រង​គ្រោះ​បើកបរ​ដោយ ​ឈ្មោះ​ ខុន​ តុង​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​ផ្លូវ​បេតុង​ ភូមិ​០១​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ (​ស្លាប់​)​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ពៅ​ ម៉ត់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​រត់​កង់​បី​ ស្នាក់​នៅ​ភូមិ​ស្រះ​កែវ​ សង្កាត់​ក្រាំង​ស្វាយ​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ (​ របួសធ្ងន់​ )​ ។​

​ករណី​នេះ​ សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​កំពុង​តែ​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕