កូនខ្មែរ សូមចូលរួមរំលែកទុក្ខ! សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សោយទិវង្គត ដោយ​ព្រះ​រោគ​គាពាធ​ នៅ​មន្ទីរ​ទីក្រុង​បាំងកក​ប្រទេសថៃ

580

(ភ្នំពេញ)៖ សូមថ្វាយព្រះអាល័យ សម្ដេចព្រះរាម នរោត្ដម បុប្ផាទេវី ព្រះមាតានៃរបាំបុរាណខ្មែរ សូមព្រះវិញ្ញាណក្ខ័ន្ធទ្រង់យាងទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡេីយ។ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យរបស់ខ្មែរយើង។

ព្រះអង្គ ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​​ នរោត្ដម បុប្ផាទេវី ទ្រង់ប្រសូត នៅមហា​ប្រាសាទ​ខេមរិន្ទ្រ នៃ ព្រះបរមរាជវាំង ក្រុង ចតុម្មុខមង្គល នាថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣។ ព្រះបិតា គឺព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងព្រះមាតាគឺ អ្នកម្នាង ផាត់ កាញ៉ុល។

កាលនៅវ័យកុមារភាពទ្រង់បាន ហាត់រៀនរបាំព្រះរាជទ្រព្យផ្ទាល់ពីសម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្សកុសមៈនារីរតន៍ សិរីវឌ្ឍនា ដែលជា ព្រះអយ្យការ(ជីដូន) នៅក្នុងព្រះបរមរាជវាំង រហូតចេះចាំ និងជាតួរឯកផងដែរក្នុងការសម្ដែង នៅក្នុងទសវត្សរ៍60។

ជីវៈប្រវត្តិ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់ប្រសូត្រនៅថ្ងៃទី ០៨ ខែមករា​ ឆ្នាំ​១៩៤៣ នៅក្នុងរាជធានីភ្នំពេញ។ ចំពោះការសិក្សាទ្រង់បានសិក្សានៅសាលាបឋមសិក្សានរោត្តម។ សម្រាប់ព្រះរាជកិច្ច ក្នុងឆ្នាំ ១៩៦៥​​ ដល់​ឆ្នាំ ១៩៧០ ជាសាស្ត្រាចារ្យរបាំបុរាណ នឹងវប្បធម៌។ ឆ្នាំ ១៩៩១ ដល់​១៩៩៣ ជារដ្ឋមន្ត្រីក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈ។

ឆ្នាំ ១៩៩៣​ ដល់ ឆ្នាំ ១៩៩៨ ជាទីប្រឹក្សាក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈ។ ឆ្នាំ ១៩៩៣ ដល់ ឆ្នាំ ១៩៩៧ ជាអនុប្រធានកាកបាទក្រហមជាតិកម្ពុជា។និងឆ្នាំ​ ១៩៩៩ ដល់​ឆ្នាំ ២០០៤ ដល់ពេលបច្ចុប្បន្នជាឩត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា នឹងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។