នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២០ ក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងអាជ្ញាធរស្រុកអង្គស្នួល ខែកណ្តាល បានសហការចុះធ្វេីយុទ្ធនាការ អប់រំផ្សព្វផ្សាយ  និងបាញ់ថ្នាំបំភាយសម្លាប់ មេរោគទប់ស្កាត់ និងបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ (Covid-19) នៅអគាររដ្ឋបាលស្រុក អគាររដ្ឋបាលនគរបាលស្រុក  និងនៅរោងចក្រ Bowker  garment factory (Cambodia) Co.Ltd ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ពិធីនេះមានការចូលរួមពីសំណាក់ លោក សោម  អូន  ប្រធាន សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា លោក  ដាវ  បុត្ររង្សី អភិបាលរងស្រុកអង្គស្នួល លោកស៊ីវ  រដ្ឋាតំណាងរោងចក្របូវឃើ ព្រមទាំងមន្ត្រីពាក់ព័ន្ឋជាច្រើនរូបទៀត។

 

ឆ្លៀតក្នុងឱកាសនោះផងដែរ  លោក  ដាវ  បុត្ររង្សី បានថ្លែងការកោតសរសើរចំពោះ នាយករោងចក្រ សហជីព ព្រមទាំងបងប្អូនកម្មករ កម្មការនី ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩ ដោយបានធ្វើការអប់រំផ្សព្វផ្សាយ វិធានការអនុវត្តន៍អនាម័យជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព ក៏ដូចជាស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យជំងឺនេះរីករាលដាលនៅក្នុងសហគមន៍ និងសូម ថ្លែងអំណគុណលោក សោម  អូន  ដែលបានដឹកនាំក្រុមការងារប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ ចុះធ្វើយុទ្ឋនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជម្ងឺខូវីត១៩ នៅអគាររដ្ឋបាលសាលាស្រុកអង្គស្នួល  និងអគាររដ្ឋបាលផ្សេងៗនៅបរិវេណជុំវិញ និង នៅរោងចក្របូវឃើ ។

 

លោក សោម  អូន  ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា   បានឲ្យលើកឡើងថា ជម្ងឺខូវីត -១៩  នៅតែគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សជាតិនៅលើ ពិភពលោក មិនទាន់ថមថយនៅឡើយ ហើយបើគិតត្រឹមថ្ងៃនេះ គឺនៅលើពិភពលោក មានអ្នកផ្ទុកជម្ងឺខូវីត១៩ជិត ៤០ លាននាក់ និងមានអ្នកស្លាប់ចំនួនជាង១លាននាក់  ។

ស្របពេលជាមួយនេះ ក្រុមជំនាញ NACC Team Against Covide-19 បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើយុទ្ឋនាការផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត  និងប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោល ការណ៍របស់រាជរដ្ឋាភិបាលអំពីវិធីការពារមិនឲ្យឆ្លងរាលដាល ព្រមទាំងបាញ់ថ្នាំបំភាយ សម្លាប់មេរោគទប់ស្កាត់ ការពារការរីករាលដាលជម្ងឺខូវីត-១៩  នៅតាមបណ្តាខេត្ត រាជធានី  ជាពិសេសនៅតាមបន្ទប់ជួលកម្មករ  និងកន្លែងធ្វើការរបស់កម្មករ  ។

 

ក្នុងនាមអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលកម្មករ  លោក  សោម  អូន  ក៏បានលើកឡើងអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករនៅឆ្នាំ២០២១  ដោយ លោកបានបញ្ជាក់ថា បើតាមបច្ចេកទេសប្រាក់ឈ្នួល អប្បបរមានៅឆ្នាំក្រោយមិនអាចតម្លើងបានទេ ដោយសារការជះឥទ្ឋិពលវិបត្តិសេដ្ឋកិច្ចពិភពលោកបង្កឡើងដោយជម្ងឺខូវីត១៩ ហើយប្រទេសជាច្រើននៅក្នុងតំបន់ គឺមិនមានប្រទេសណាមួយមានផែនការតម្លើងប្រាក់ឈ្នួលនៅឆ្នាំក្រោយនេះទេ ។ ប៉ុន្តែដោយការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក្នុងការគិតគូរដល់ជីវភាពរបស់បងប្អូនកម្មករ សម្តេចតេជោបានសម្រេចតម្លើងបន្ថែម២ដុល្លាទៀត គឺស្មើនិង ១៩២ដុល្លា សម្រាប់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ កាបូប  និងស្បែកជើងនៅឆ្នាំ២០២១ដូចនេះការតម្លើងបានតិច ប្រសើរជាងអត់បានតម្លើង ។

 

លោក  សោម  អូន  បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតបន្តចូល រួមអនុវត្តនូវគោលការណ៍សំខាន់ៗរបស់ក្រសួងសុខាភិបាលគឺ  : ១- ពាក់ម៉ាស់ ជានិច្ចនៅពេលមានការជួបជុំ, ២- រស់នៅស្អាតជាប្រចាំ, និង  ៣- រក្សាគម្លាតសុវត្ថិភាពនៅពេលមានការជួបជុំ និង  ជាពិសេសត្រូវសហការជាមួយភាគីនិយោជកដើម្បីអនុវត្តនូវសេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ស្តីពីវិធានការសុវត្ថិភាពនៅតាមរោងចក្រសហគ្រាសដែលអាចរងជំនន់ទឹកភ្លៀង ចុះថ្ងៃទី ១៥  ខែតុលា ឆ្នាំ២០២០។

 

សូមបញ្ជាក់ ថា  បន្ទាប់ពីសំណេះសំណាលជាមួយតំណាងសហជីព  តំណាងកម្មករ  ប្រធានក្រុម និងប្រធានផ្នែកចប់ គណៈអធិបតី  បានអញ្ជើញធ្វើទស្សន:កិច្ច និង សួរសុខទុក្ខបងប្អូនកម្មករនៅតាមសង្វាក់ផលិតកម្ម។ រោងចក្រខាងលើនេះ  មានកម្មករបំរើការងារចំនួនជិត៤០០០នាក់៕