បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ រួមនឹងម៉ូតូ២គ្រឿង ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ ស្ទាក់បង្ក្រាបឃាត់ខ្លួន និងដកហូតបន្ទាប់ពីពួកគេធ្វើសកម្មភាពលួចនៅក្នុងទឹកដីក្រុងប៉ោយប៉ែត ។
លោក ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី កម្លាំងបានទទួលទូរស័ព្ទពីម្ចាស់ផ្ទះសំណាក់យីងោ លី ហូវ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អោយសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ម៉ូតូ ០១ គ្រឿងដែលចោរលួចពីក្រុងប៉ោយប៉ែត ។
លោក ស្នងការរងបន្តថា ក្រោយទទួលព័ត៌មានខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានចេញទប់ស្កាត់និងបង្ក្រាបបានមុខសញ្ញាចោរកម្មចំនួន០២នាក់ ឈ្មោះ លី ទី ភេទ ប្រុស អាយុ១៧ឆ្នាំទីលំនៅមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នផ្ទះសំណាក់លីហូវ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះប៊ុន សេងហុង ភេទ ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប។
ក្នុងនោះកម្លាំងបានដកហូតបានម៉ូតូចំនួន ០២ គ្រឿង ទី១-ម៉ាកហុងដា ពណ៌ខ្មៅ ឌ្រីម ស្លាកលេខសៀមរាប 1X-2593 ស៊េរីឆ្នាំ២០១៧ និងទី២-ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ លេខតួNDN-5550102 ស៊េរីឆ្នាំ២០២០ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕