រតនគិរី​ ៖​ ​កម្លាំង​នគរបាល​ជំនាញ​ ផែន​ការងារ​អន្តោប្រវេសន៍​ ​​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ស្រ្តី​ជន​ជាតិ​វៀតណាម​​៣នាក់ ​ពី​បទ​លួច​ឆ្លង​ដែន ​ចូល​មក​ស្នាក់​នៅ​ទឹក​ដី​កម្ពុជា​ ដោយ​ខុស​ច្បាប់ ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ កនកន្លងទៅ។ ​

ក្រោយការសាកសួរ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ​ស្រ្តី​ជនជាតិ​វៀតណាម​ទាំង​ ៣នាក់​ ​មាន​ស្រុក​កំណើត​ នៅ​ខេត្ត​អាងយ៉ាង ​និង​ខេត្ត​តៃ​និញ ​នៃប្រទេសវៀតណាម និងបាននាំគ្នាលួចឆ្លងដែនខុសច្បាប់ ​ដើម្បីប្រកបមកមុខរបររកស៊ីម៉ាស្សាកោសជប់ស្ថិតនៅទីតាំងមួយកន្លែង ​ក្នុងភូមិជ័យជំនះ សង្កាត់​ឡាបាន​សៀក ​ក្រុង​បាន​លុង​ខេត្ត​រតនគិរី។

ស្រ្តី​ជន​ជាតិ​វៀតណាម​ទាំង​ ៣នាក់​ខាងលើនោះ ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ ចាប់​បញ្ជូន​ត្រឡប់​ឲ្យ​ទៅ​ប្រទេស​វៀត​ណាម​វិញ ​នា​រសៀល​ថ្ងៃ​ដដែល​នេះ ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ​ខេត្ត​រតនគិរី។
បើតាមការសាកសួរមានន័យថា ទីតាំងម៉ាស្សាកោសជប់មួយចំនួនក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី អាចមានមេខ្យល់ធ្វើជាផ្លូវលួចនាំស្រ្តីជនជាតិបរទេសខុសច្បាប់ ដើម្បីមកប្រកបរបររកសុីក្នុងទឹកដីកម្ពុជា ក្នុងគោលបំណងផលប្រយោជន៍ខ្លួន ដោយពុំបានគិតពីផលប៉ះពាល់សង្គមជាតិឡើយ។ ដូច្នេះប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច មេត្តាពិនិត្យមើលរឿងនេះផង៕