​ឧត្តរមានជ័យ​ ៖​ កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល​ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រឡាញ់​ បង្ក្រាប​ឃាត់ខ្លួន​យុវជន​ម្នាក់​ ពាក់ព័ន្ធ​លួច​ម៉ូតូ​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ នា​វេលា​ម៉ោង​ ២០ ​និង ​៣០​នាទី​ ថ្ងៃ​ ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ មាន​ករណី​លួច​ម៉ូតូ​០១​ គ្រឿង​ម៉ាក​ឌ្រី​ម​ ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ឧ​/​ជ​ 1A-9455​ លេខ​តួរ​125​ ME​ 8756993​ លេខ​ម៉ាស៊ីន​ND125ME​ 8756993​ នៅ​ភូមិ​បារាយណ៍​ ឃុំ​អំពិល​ ស្រុក​បន្ទាយ​អំពិល​ របស់ ​ឈ្មោះ​ យ៉ា​ន​ ចឺម​ ភេទ​ ប្រុស​ អាយុ ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​ដំណឹង​ភ្លាម​ក្រោម​ការ​ចង្អុលបង្ហាញ​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី​ ហួត​ សុធី​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល ​ស្រុក​បន្ទាយ​អំពិល​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ ឈាន​ទៅ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ​ យ៉ុ​ន​ យ៉ា​ត់​ ហៅ​ញឹ​ម​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ នៅ​ភូមិ​ទ្រាស​ ឃុំ​សែន​សុខ​ ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ និង​ដកហូត​វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ខាងលើ​ កម្លាំង​បាន​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕