(បន្ទាយមានជ័យ) ៖  ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ , ព្រមទាំងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំយកអំណោយមកចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងដែលបាន ប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅស្រុកមង្គលបុរី ចំនួន ៣០០គ្រួសារ ។

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអោយដឹងថា នៅថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២០ នេះស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងមានកម្រិតខ្ពស់ ធ្វើឲ្យទឹកស្ទឹងមង្គលបុរី ស្ទឹងសេរីសោភណ្ឌ័បន្តកើនឡើង បានលិចលង់ចំនួន ៩ក្រុងស្រុក និង៥១ឃុំសង្កាត់ បណ្តាលអោយមនុស្សស្លាប់ ១៣នាក់ ហើយកម្រិតទឹកខ្ពស់កៀកនិងប្រកាសប្រុងប្រយត្ន័ តែទៅយ៉ាងណាអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាពចំនួន ២៧០៦គ្រួសារ ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា មានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទេគឺយកចិត្តទុកដាក់ជួយដល់ប្រជាជនគ្រប់ៗគ្នាដោយមិនរើសអើងឡើយ ។ យ៉ាងដូចជា ជំនន់ទឹកភ្លៀងនៅទូទាំងខេត្តបន្ទាយមានជ័យនេះ សម្តេចតេជោ បានគិតគូរដល់ប្រជាពលរដ្ឋ និងឧបត្ថមដល់ គ្រោះមហន្តរាយនៅខេត្តបន្ទាយមានជ័យចំនួន ១០លានរៀល និង ឧបត្ថមថវិការចំនួន ២០ម៉ឺនដូល្លា ដើម្បីសម្រួលនូវស្ថានការលំបាករបស់ខេត្តបន្ទាយមានជ័យ  ដែលបណ្ដាលឱ្យរងផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ  រួមទាំងប៉ះពាល់កសិផលជាច្រើនផ្សេងទៀតផងដែរ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពិធីសំណេះសំណាល យ៉ាងដូច្នេះថា រដ្ឋបាលខេត្តបន្ទាយមានជ័យបានបន្តជូនដំណឹង ដល់គ្រប់ស្ថាបន័ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត បង្កើនការប្រុងប្រយត្ន័ខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ ក្នុងនោះដែររដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានអោយអាជ្ញាធរ និងប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ដើម្បីចៀសវាងនូវគ្រោះមហន្តរាយនៃគ្រោះថ្នាក់ធម្មជាតិដែរកំពុងកើតឡើងនៅក្នុងខេត្តនេះផងដែរ។

សូមបញ្ជាក់ថា អំណោយដែលឯកឧត្តម បណ្ឌិត និងលោកជំទាវ ហ៊ុន ប៊ុនធឿន ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះក្នុងម្នាក់ៗទទួលបាន អង្គរ២០គីឡូរក្រាម មីមួយកេះ ត្រីខមួយកេះ ទឹកត្រីមួយយួរ ទឹកស៊ីអេវ មួយយួរ សាប៊ូរ ថ្នាំពេទ្យ និងថវិការមួយចំនួនទៀត៕