ខេត្តកណ្ដាល ៖ ក្រុមជនសង្ស័យមានគ្នា២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយពីជិះម៉ូតូធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃនារីម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ កាលថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង ៤០នាទី ត្រង់ចំណុចផ្លូវលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ៖ ជនសង្ស័យចំនួន៤នាក់.ចាប់ខ្លួនបាន២នាក់ ទី១.ឈ្មោះ សុខ សាន់ដេត ហៅដេត ភេទប្រុស អាយុ ១៦ឆ្នាំ.ជនជាតិខ្មែរ.មុខរបរមិនពិត មានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២.ឈ្មោះ ឡន ពន្លឺ ភេទប្រុស.អាយុ ១៥ឆ្នាំ.ជនជាតិខ្មែរ.មុខរបរមិនពិត មានទីលំនៅភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យ២នាក់ទៀត.រត់គេចខ្លួនទី១.ឈ្មោះ អៀង ភេទប្រុស.​អាយុ ប្រហែល២៨ឆ្នាំ.មុខរបរមិនពិត មិនស្គាល់អាស័យដ្ឋាន.និងទី២.ឈ្មោះ ចាក ឬ ឈ្មោះ កុដ ភេទប្រុស.អាយុ ប្រហែល១៧ឆ្នាំ មុខរបរមិនពិត មិនស្គាល់អាស័យដ្ឋាន។

រីឯជនរងគ្រោះ ឈ្មោះ មាស ពិសី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អនឡាញ មានទីលំនៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ដោយឡែកវត្ថុតាងដកហូតបានមាន: ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០២០។ ចំណែកទ្រព្យសម្បត្តិបាត់បង់មាន: ទូរស័ព្ទមួយគ្រឿងម៉ាក iPhone XS Max។

ប្រភពដដែលបន្តថា ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីយកផលិតផលលក់តាមអនឡាញទៅឲ្យភ្ញៀវនៅម្ដុំ ភូមិឡឃ្យូង.ឃុំសំបូរ.ស្រុកសំរោងទង.ខេត្តកំពង់ស្ពឺ ហើយបានដាក់ទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូខាងមុខ។ លុះជិះដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ហើយបានឆក់យកទូរស័ព្ទពីឃ្លុបម៉ូតូរបស់ជនរងគ្រោះ រួចជិះគេចខ្លួនភ្លាមៗនោះ ជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែកថាចោរៗ ហើយបានជួបសមត្ថកិច្ចកំពុងល្បាតនៅតាមផ្លូវ ក៏បានជួយដេញស្ទាក់ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ តែម្ដង​យកមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់ ។