ភ្នំពេញ៖ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត នៅមិនទាន់ភ្លេចនៅឡើយទេ ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលលោកបានជួបប្រទះកាលពី ៦ឆ្នាំមុន ខណៈពេលដែលលោក និងក្រុមការងារសិល្បៈ ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដោយបានឆក់យកជីវិតអ្នករួមដំណើរជាមួយលោកផងដែរ។

លោកនិយាយថា: បើទោះបីជាវាកើតឡើងរយៈពេល ៦ឆ្នាំមកហើយក្តី តែទិដ្ឋភាពនៃគ្រោះថ្នាក់នោះនៅដិតជាប់នឹងជីវិតរបស់លោកនៅឡើយ។ លោក ខេមរៈ សិរីមន្ត បានឲ្យដឹងបន្តថា (បើពេលវេលាអាចវិលត្រឡប់ថយក្រោយបាន ខ្ញុំចង់ឲ្យគ្រោះថ្នាក់នោះកុំមាន និងចង់ឲ្យអ្នកដែលរងគ្រោះទាំងអស់មានអាយុជីវិតឡើងវិញ)។
ជាមួយគ្នានេះក្នុងឱកាសដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ រៀបចំនូវយុទ្ធនាការ (ដើរដោយសុវត្ថិភាព) លោក សិរីមន្ត បានអំពាវនាដល់ប្រជាពលរដ្ឋ សូមពាក់អាវស និងចូលរួមក្នុងយុទ្ធនាការ (ដើរដោយសុវត្ថិភាព) ទាំងអស់គ្នា នៅមុខវត្តបទុមរួច ទើបសំដៅទៅកោះពជ្រ នាថ្ងៃអាទិត្យទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧៖០០ព្រឹក ខាងមុខនេះ៕