ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្ដីពីការ កែលម្អការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ ខេត្ត ព្រះសីហនុ ស្រុកស្ទឹងហាវនិងការពន្លឿនរៀបចំអគារ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង និងស្រុកកំពង់សីលា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត  អភិបាលក្រុង-ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងការិយាល័យចំណុះសាលាខេត្ត ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំដោយបញ្ញាក់ថា យើងនៅមានបញ្ហាប្រឈមខ្លះ ត្រូវចូលរួមកែសម្រួលនូវចំណុចខ្វះខាត និងការបែងចែកអត្ថប្រយោជន៍ដល់ មន្ត្រីបំរើសេវានៅអង្គភាពច្រកចេញចូលតែមួយ ដើម្បីលើកទឹកចិត្តដល់មន្ត្រីនៅក្នុងអង្គភាពច្រកចេញចូលតែ មួយឱ្យកាន់តែល្អ ផ្តល់អទិភាពចំពោះមន្ត្រីផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ។

ឯកឧត្តម គួច ចំរើន បានកោតសរសើរមន្ទីរដែលបានទទួលសេវា និងបានផ្តល់សេវាបញ្ចប់តាមការស្មើសុំរបស់ប្រជាពលរដ្ឋ។​ មន្ទីរដែលនៅសេសសល់សេវាត្រូវខិតខំពន្លឿន ការកកស្ទះសេវាឱ្យបានទាន់ពេលវេលា។

ដោយឡែកមន្ទីរដែលមិនទាន់មានសេវា ត្រូវអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរួមគ្នាជំរុញកែលម្អរការផ្តល់សេវា សាធារណជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ៕