ឯកឧត្តម គួច ចំរើន អភិបាល អញ្ជើញជាគណៈអធិបតី បើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំ

ខេត្តព្រះសីហនុ នៅរសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី បើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ ដោយមានការចូលរួមពី ឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថាវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីជាប្រយោជន៍ដល់ការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព និងមានការចូលរួមមានសង្គតិភាព ពិសេសការពង្រឹងការអនុវត្តនូវគោលការណ៍ទាំង៩ និងវប្បធម៌ប្រជាធិបតេយ្យក្នុងដំណើរប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់បណ្ដារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

ការរៀបចំវេទិការពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត គឺបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន ទូទាំងខេត្តនិងសម្របសម្រួលបន្ស៉ី តម្រូវការអភិវឌ្ឍទាំងនេះ ជាមួយគម្រោងនិងធនធានរបស់ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលវិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តមបន្តថា វេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ប្រព្រឹត្តទៅទទួលបានផ្លែផ្កាជាវិជ្ជមានទៅបានគឺរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវព្យាយាមត្រង់ត្រាប់ស្ដាប់ និងកត់ត្រានូវព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរអង្គភាព ដៃគូអភិវឌ្ឍអង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តគម្រោងក្នុងដែនដីរបស់ខ្លួន ព្រមទាំងឈ្មោះគម្រោង ទីតាំងគម្រោងដែលត្រូវអនុវត្ត ដោយតម្លាភាពសង្ឃឹមថា នឹងអាចឈានទៅដល់ការសម្របសម្រួលគ្នា ដើម្បីឱ្យការវិនិយោគ និងការអភិវឌ្ឍនៅមូលដ្ឋានប្រព្រឹត្ត ទៅដោយរលូនដោយសង្គតិភាព និងមានប្រសិទ្ធភាព ៕