​ខេត្តកំពង់ធំ​ ៖​ ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត​កំពង់ធំ​ និង​ឯកឧត្តម​ ឃឹ​ង​ នុ​ភាព​ តំណាងរាស្ត្រ​ខេត្តកំពង់ធំ​ បាន​នាំ​យក​អំណោយ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដាច់​ស្រយាល​ចំនួន​ ២៤៧​ គ្រួសារ​ ដែល​កំពុង​តែ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ នៅ​ភូមិ​ត្រពាំង​ព្រីង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ នា​ព្រឹក​ថ្ងៃ ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២០​ មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ អភិបាលរង​ខេត្ត​ ថ្នាក់ដឹកនាំ​ស្រុក​ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ រួម​ទាំង​កងកម្លាំង​ទាំង​បី​ប្រភេទ ​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ដែល​ឧត្តម​ សុខ​ លូ​ បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ទាំង​បី​ប្រភេទ​ ដែល​ស្វាហាប់​ប្រឹងប្រែង​អស់ពី​កម្លាំងចិត្ត​កម្លាំងកាយ​ ជួយ​ជញ្ជូន​សម្ភារៈ​និង​ស្បៀងអាហារ​ចម្លង​ទឹកស្ទឹង​ទៅ​ដល់​គោលដៅ​ ចែក​អំណោយ​ដោយ​សុវត្ថិភាព​ ទោះ​ត្រូវធ្វើ​ដំណើរ​ផ្លូវ​ប្រកបដោយ​សែន​លំបាក​ ដោយសារ​ទឹកជំនន់​កាត់​ផ្លូវ​ថ្នាល់​ ស្ពាន​ ចាំបាច់​ត្រូវ​លី​អំណោយ​ឆ្លង​កាត់ទឹក​ហូរ​ខ្មួលខ្មាញ់​ជា​ច្រើន​កន្លែង​ ដោយ​យើង​បាន​ប្រើប្រាស់​នូវ ​មធ្យោបាយ​ គោ​យន្ត​ កាណូត​ និង​កម្លាំង​ថ្មើរជើង ​។​

​ទន្ទឹម​នឹង​នោះ​ឯកឧត្តម​ សុខ​ លូ​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​សម្អាតផ្ទះ​ ឬ​ បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យ​បាន​ស្អាត​ គេង​ក្នុង​មុង​ ហូប​ស្អាត​ ផឹកទឹក​ដាំ​ពុះ​ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​សត្វ​អាសិរពិស​ដែល​វា​បាន​ទៅ​រស់នៅ​តាម​ដំបូលផ្ទះ ​ឬ ​កន្លែង​ផ្សេងៗ​ក្នុងផ្ទះ​របស់​យើង​ ដែល​ពួក​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ​។​

​ឯកឧត្តម​អភិបាលខេត្ត​ បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ បងប្អូន​ប្រជា​ព​រដ្ឋ​ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​ ប្រមុខ​រាជរដ្ឋាភិបាល​ ដែល​បាន​គិតគូរ​ចំពោះ​ចំពោះ​មុខ​ សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ខណៈ​ពេល​ដែល​ទទួល​រង​គ្រោះ​ ដោយសារ​ទឹកជំនន់​ រួម​ទាំង​បាន​ចាត់​ក្រុមការងារ​ថ្នាក់​ខេត្ត​ ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ រួម​ទាំង​សាខា​កាកបាទក្រហម​ ចុះ​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​នៅ​តាម​មូលដ្ឋាន​ ដោយ​មិន​ទុក​ឱ្យ​បងប្អូន​ប្រជា​ព​រដ្ឋ​ ណា​រង​គ្រោះ​អត់​អាហារ​ដោយ​មិន​បានដឹង​ឮ​ពី​អាជ្ញាធរ​នោះ​ឡើយ​។​

​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ​រួម​មាន​:​ អង្ករ​ មី​ ត្រីខ​ តង់​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​ និង​ទឹក​សុទ្ធ​៕