ភ្នំពេញ៖ មេក្លោងជួញដូរគ្រឿងញៀនជាជនជាតិចិន ចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាប និងដកហូតវត្ថុតាងគ្រឿងញៀនជាងមួយគីឡូក្រាម។ ប្រតិបត្តិការបានធ្វើឡើងដោយអនុវត្តន៍ តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន វេលាម៉ោង១១ នឹង ២៥នាទី ថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបន្ទប់ជួលផ្លូវលេខ២០០២ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ ប៉ា អ៊ីង ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិនអ្នកជួញដូរគ្រឿងញៀន, ទី២-ឈ្មោះ ហ៊ួក ថាវ ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិនអ្នកជួញដូរគ្រឿងញៀន និងទី៣-ឈ្មោះ SHI SI BEI ភេទប្រុស កើតឆ្នាំ១៩៧១ ជនជាតិចិនមេក្លោងជួញដូរ គ្រឿងញៀន។
វត្ថតាងចាប់យក៖ សារធាតុញៀនសរុប ១គ.ក្រ ៤៥៣.៥៤ក្រាម (មេតំហ្វេតាមីន(ICE) ទម្ងន់ ១៣៨៩.៤៣ក្រាម. គ្រាប់(WY) ២៩,២១ក្រាម, អ៊ិចស្តាស៊ី ៣៤,៩០ក្រាម) ជញ្ជីងថ្លឹង ០១គ្រឿង និងទូរស័ព្ទ ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំ រឿង បញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕