ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ នឹង ១៥នាទី ត្រង់ចំណុចខាងមុខក្លោងទ្វារវត្តព្រះបាទជាន់ឯក ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អាយ គឹមអេង ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ១៩៨E ផ្លូវលេខ៩ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ ជា លីពីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ម៉ូតូ ចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ដែកចុងស្រួចបែកខ្នែងជាបី ចំនួន០១, កូនកន្ត្រៃតូចពណ៌ស ចំនួន០១, ដែកចុងស្រួចពណ៌ស ចំនួន០១, កាបូបស្ពាយ ចំនួន០១, កូនសោម៉ូតូ ចំនួន០១។
លោក អធិការបញ្ជាក់ថា កាលពីថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧ នឹង ១៥នាទី ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកស្កូបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1AI-6364 ចេញពីកន្លែងធ្វើការនៅស្រុកកៀនស្វាយ ខេត្តកណ្តាល មកឌុបមិត្តភក្តិឈ្មោះ បេ ខាគៀង ភេទស្រី អាយុ ២៣ឆ្នាំ ពីផ្ទះស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅទិញតែគុជនៅផ្សារដើមគរ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង២០ នឹង ៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ ក៏បានបើកម៉ូតូម៉ាកខាងលើឌុបឈ្មោះ បេ ខាគៀង ចេញពីផ្សារដើមគរ ដើម្បីត្រឡប់ទៅផ្ទះស្ថិតនៅ ភូមិជើង ឯកវិញដោយបានទុកទូរស័ព្ទដៃម៉ាក Iphone XS Max ពណ៌ទឹកមាស ចំនួន ០១គ្រឿង នៅឃ្លុបម៉ូតូ ខាងមុខផ្នែកខាងស្តាំ។ ពេលជនរងគ្រោះឌុបមិត្តភក្តិតាមផ្លូវ២១៧ ពីជើងទៅត្បូង ដល់ចំណុចខាងមុខក្លោងទ្វារ វត្តព្រះបាទជាន់ឯក ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏មានជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ ជា លីពីន ភេទប្រុស អាយុ ២០ឆ្នាំ ទី២-ឈ្មោះ យ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GK-7176 ស្របទិសគ្នាជាមួយនឹង ជនរងគ្រោះ។ ពេលនោះជនសង្ស័យ ឈ្មោះ ជា លីពីន បានបើកម៉ូតូទៅអែបខាងស្នាំដៃរបស់ជនរងគ្រោះ រួចបានលូកដៃ ឆក់យកទូរស័ព្ទម៉ាកខាងលើ របស់ជនរងគ្រោះពីក្នុង ឃ្លុបម៉ូតូ ក៏ប៉ះដៃចង្កូតគ្នាដួលម៉ូតូទាំង០២គ្រឿង ជនរងគ្រោះបានរងរបួសរលាត់ស្បែកត្រង់ ក្បាលជង្គង់ខាងស្តាំង, កែងដៃខាងស្តាំ និងចុងចិញ្ចើម ខាងស្តាំ (របួសស្រាល)។ ហើយជនសង្ស័យឈ្មោះ យ៉ា ដែលអង្គុយខាងក្រោយ បានស្ទុះទៅរើសយកទូរស័ព្ទដៃរបស់ ជនរងគ្រោះ រួចពួកគេ (ជនសង្ស័យទាំង០២នាក់) ក៏លើកម៉ូតូបើកឌុបគ្នាគេចខ្លួនទៅទិសខាងត្បូង ហើយជនរងគ្រោះក៏បានស្រែកឆោឡោថា ចោរ ភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចនគរ បាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុនោះ ស្រាប់ បានជួយអន្តរាគមន៍ដេញតាមពីក្រោយ ជនសង្ស័យបានចំងាយប្រហែល ១៥០ម៉ែត្រ ជនសង្ស័យក៏បានផ្តួលម៉ូតូចោលរត់គេចខ្លួនចូលទៅក្នុងព្រៃ។
កម្លាំងសមត្ថកិច្ចយើងក៏បានឡោមព័ទ្ធ ចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ជា លីពីន រួមនិងវត្ថុតាង១-ម៉ូតូម៉ាក ហុង ដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GK-7176 ចំនួន០១ គ្រឿង, ២-ទូរស័ព្ទដៃម៉ាក Iphone XS Max ពណ៌ទឹកមាសចំនួន០១គ្រឿង, ៣-ដែកចុងស្រួចបែកខ្នែងជាបីចំនួន០១ , ៤-កូនកន្ត្រៃតូច ពណ៌សចំនួន០១, ៥-ដែកចុងស្រួចពណ៌សចំនួន០១, ៦-កាបូប ស្ពាយព៌ខ្មៅចំនួន០១, ៧-កូនសោរ ម៉ូតូ ចំនួន០១ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់។ ចំណែកជនសង្ស័យឈ្មោះ យ៉ា បានរត់ គេចខ្លួនបាត់។ ក្រោយពីសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួកពិតជាបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ចំ ឈ្មោះ ជនសង្ស័យទាំង០២នាក់ខាងលើ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕