(កំពង់ឆ្នាំង )៖ បុរសអ្នកឡើងត្នោតម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារបាក់ស្នួរធ្លាក់មកដី ពេលកំពុងដើរឆ្លងពីដើមត្នោតមួយទៅដើមមួយទៀត ។

ហេតុការណ៍នេះ បង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង ៣០នាទីព្រឹកថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២០ នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បុរសជាជនរងគ្រោះឈ្មោះ ប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាអ្នករកស៊ីឡើងត្នោត ដើម្បីយកទឹកត្នោតលក់ ។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានទៅឡើងត្នោតដូចសព្វដង។ ក្នុងខណ:ពេលដែលជនរងគ្រោះ កំពុងដើរតាមស្នួរដើមឬស្សីឆ្លងទៅដើមមួយទៀត ក៏បណ្តាលឲ្យបាក់ធ្លាក់ជនរងគ្រោះមកដីនិងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបាន ផ្តល់ព័ត៌មានទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យសពនិងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើដើមត្នោត ពិតប្រាកដហើយបានប្រគល់សព ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕