ភ្នំពេញ៖ ករណីធ្លាក់ដែកពីលើសំណង់អគារ ៤២ជាន់ ត្រូវរថយន្តទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 ធ្វើឲ្យមនុស្សនៅក្បែរសំណង់អគារនេះ ភ័យស្លន់ស្លោព្រលឹងចេញស៊ីព្រលឹត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចសំណង់អគា ៤២ជាន់ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
ក្រោយកើតហេតុគ្រោះថ្នាក់នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជារឲ្យធ្វើការផ្អាកការដ្ឋានសំណង់អគារ៤២ជាន់ ជាបណ្តោះអាសន្ន ដោយរង់ចាំការសម្រេចនៅពេលក្រោយទៀត។

សូមជម្រាបថា នេះជាលើកទី២ហើយ សម្រាប់ករណីធ្លាក់ដែក ពីលើការដ្ឋានអគារ៤២ជាន់ ដោយកាលពីលើកមុន បានកើតឡើង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក៏មានករណីធ្លាក់ដែក មកទម្លុះរថយន្តផ្នែកខាងមុខ ម៉ាកឡិចស៊ី ៣៥០ របស់ពលរដ្ឋមួយគ្រឿងផងដែរ តែត្រូវបានសម្របសម្រួលគ្នារវាងម្ចាស់សំណង់ និងម្ចាស់រថយន្ត ទើបមិនមានការភ្ញាក់ផ្អើល។ អ្នកជំនាញថា ករណីដ៏អាក្រក់នេះ កើតឡើងដោយកត្តាធ្វេសប្រហែសនៃម្ចាស់ការដ្ឋាន ដែលពុំមានទំនួលខុសត្រូវខ្ពស់ ក្នុងការយកចិត្តទុកដាក់នៃការសាងសង់ អាចងាយនឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ដោយផុយស្រួយបំផុត បើមិនបានគោរពទៅតាមបែបបទដ្ឋានបច្ចេកទេស និងប្រើសំណាញ់ហ៊ុំព័ទ្ធការដ្ឋាននេះទេ។ ព្រោះតែកន្លងមកធ្លាប់មានឧបទ្ទេវហេតុដ៏រន្ធត់មួយ បានកើតឡើងចំពោះស្រ្តីម្នាក់ខណៈជិះម៉ូតូតាមដងផ្លូវ ត្រូវដែកទីបធ្លាក់ពីលើសំណង់អគារ អូឡាំព្យា ធ្វើឲ្យធ្លាយខួរស្លាប់លើដងផ្លូវភ្លាមៗ យ៉ាងអណោចអធ័ម ដែលធ្វើឲ្យប្រជាពលរដ្ឋរន្ធត់ចិត្ត និងធ្វើការរិះគន់ធ្ងន់ទៅលើអាជ្ញាធរពាក់ព័ន្ធ ដែលបណ្តែតបណ្តោយឲ្យសំណង់មួយចំនួនសាងសង់ពុំបានត្រួតពិនិត្យបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ លុះមានរឿងអាក្រក់កើតឡើងហើយ ទើបនាំគ្នាស្ទុះស្ទារតាមក្រោយ។ ជាក់ស្តែងដូចករណីបាក់សំណង់អាគារនៅខេត្តព្រះសីហនុ ដែលធ្វើឲ្យមនុស្សរបួស និងស្លាប់ច្រើននាក់ ក្លាយជាសោកនាដកម្មដ៏រន្ធត់មួយ ។ តើទាំងនេះព្រោះមកពីកត្តាអ្វី?

ត្រឡប់មកអគារ ៤២ជាន់វិញ បងប្អូនដឹងហើយក្នុងចំណោមអគារល្បីៗក្នុងរាជធានីភ្នំពេញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេគឺអគារ Gold Tower ៤២​ជាន់ ជាអគារដែលបានសាងសង់យូរជាងគេបង្អស់​នៅ​កម្ពុជា និង​អាច​និយាយ​បាន​ថា ជាប់​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា។

សំណង់នេះ កន្លងមកត្រូវបានម្ចាស់គម្រោង​ពន្យារ​ពេល​សាងសង់​ម្តង​ហើយ​ម្តង​ទៀត ថា​នឹងសាង​សង់​ឡើង​វិញ បើ​រាប់​ទៅ​មិន​តិច​ជាង​១០​ដង​នោះ​ឡើយ។ គិតមកដល់ពេលនេះ រយៈពេល​១១ឆ្នាំហើយ បន្ទាប់​ពី​អគារ​នេះ​បាន​ចាប់​ផ្តើម​ដំណើរការ​សាង​សង់​តាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ អគារនេះកន្លងមក ត្រូវបានគេចាត់ទុកថាអគារខ្មោចទៅហើយ ព្រោះតែការសាងសង់ជាប់គាំងរយៈពេលយូរឆ្នាំ ហើយឲ្យតែពេលសាងសង់ តែងតែមានបញ្ហាកើតឡើងមិនចេះឈប់។ ជាក់ស្តែងដូចរឿងទើបកើតឡើងថ្ងៃទី២០នេះ ការធ្លាក់ដែកជើងជណ្តើរមកពីលើអគារដ៏ខ្ពស់បែបនេះ តើអ្នកណាមិនតក់ស្លុត? នេះមហារសំណាងណាស់ប៉ះចំរថយន្ត ចុះបើធ្លាក់ត្រូវចំមនុស្សទៀត?
សូមបញ្ជាក់ថា៖ អគារ Gold Tower ៤២​ជាន់ ស្ថិត​នៅ​ចំណុច​ប្រសព្វ​រវាង​មហា​វិថី​ព្រះ​មុនីវង្ស និង​មហា​វិថី​ព្រះ​​សីហនុ ដែល​កាល​ពី​អំឡុង​ឆ្នាំ​២០០៨ គឺ​ជា​គម្រោង​អគារ​ខ្ពស់​ជាង​គេ​មួយ​ក្នុង​ចំណោម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​រាជធានី។
បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ ដែលជាអ្នកវិនិយោគអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម​ភ្លោះ Gold Tower ៤២​ជាន់​នេះ បាន​ដាក់​ពាក្យ​ស្នើសុំ​ដើម្បី​បន្ត​ការ​សាងសង់​ឡើង​វិញ មកក្រសួងរៀបចំដែនដី កាលពីឆ្នាំ ២០១៦ មកម្ល៉េះ។ មកដល់បច្ចុប្បន្ននេះ វាសនារបស់អគារភ្លោះ Gold Tower ៤២ជាន់ ត្រូវបានជាប់គាំងម្តងទៀត ដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជារឲ្យធ្វើការផ្អាកសាងសង់ បន្ទាប់ពីធ្លាក់ដែកពីលើអគារជាលើកទី២៕
ដោយ៖ CamAsia.