ព្រះសីហនុ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលទាំង៤ បានស្ទាក់និងដេញប្រផាត់ប្រភីង រហូតដល់ចំណុចឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ៤នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត (ប្រើអាវុធខ្លីបាញ់រះ១០គ្រាប់ បណ្តាលឲ្យរងរបួស២នាក់) ជនជាតិចិនដូចគ្នា។
លោក ឧត្តមសេនីយ៍ទោ ស្នងការបានឱ្យដឹងថា កាលពីថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២ នឹង ០០នាទីរំលងអធ្រាត្រ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍តាមរយៈ ប្រព័ន្ធហត់ឡាញ របស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ថាមានជនជាតិចិន ៤នាក់ ជិះរថយន្ត១គ្រឿង ម៉ាក HUMMER ពណ៌ស បានដកអាវុធខ្លី ១ដើម បាញ់រះជាច្រើនគ្រាប់ចូលទៅក្នុងហាងចាក់សាក់ ជនជាតិចិនមួយកន្លែង នៅចំណុចមហោស្រពចាស់ ស្ថិតនៅក្រុម ទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យរបួសបុរសជនជាតិចិន២នាក់ (១នាក់របួសដៃ និង១នាក់ទៀតរបួសជើង) បន្ទាប់ពីធ្វើសកម្មភាពបាញ់រះរួចមក ជនសង្ស័យ បានជិះរថយន្តគេចខ្លួនបាត់។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលទាំង៤ ធ្វើការស្ទាក់និងដេញប្រផាត់ប្រភីង រហូតដល់ចំណុចឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យទាំង ៤នាក់ បានចុះពីរថយន្ត រត់ថ្មើរជើងកាត់តាមបណ្តោយឆ្នេរឯករាជ្យ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចយើងចាប់ខ្លួនបានតែម្តង។
ជនរងគ្រោះទាំង២នាក់៖១-ឈ្មោះ CHANG JINLONG ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរ បើកហាងចាក់សាក់ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួសត្រូវដើមដៃខាងឆ្វេង១គ្រាប់(ធ្លាយ), ២-ឈ្មោះ CHA YON BING ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន(យកទៅបន្តវីសារ)មុខរបរបើកហាងលក់ស្លឹកតែ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួស ត្រូវប្រអប់ជើងខាងឆ្វេង១គ្រាប់(ចំបញ្ឆិត)។
ជនសង្ស័យទាំង៤នាក់៖១-ឈ្មោះ HUANG XIAO HU ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅ សណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ, ២-ឈ្មោះ QIAN SHI CAI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅ សណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ៣-ឈ្មោះ CHENG YOU WEN ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ ប្តូរប្រាក់ ស្នាក់ នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ, ៤-ឈ្មោះ YIN YA GIANG ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកកាស៊ីណូ ហាវឆឹង ផ្នែក សេវាកម្មបំរើអតិថិជន ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ អាវុធខ្លី១ដើម ម៉ាកCZ-75 (លេខរលុប),បង់១ និងគ្រាប់កាំភ្លើងចំនួន២០គ្រាប់, រថយន្ត១គ្រឿង ម៉ាក HUMMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-7260។
វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ សំបកកាទុស ១០គ្រាប់ ៕
លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ករណីនេះកើតឡើងដោយសារ នៅថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១នឹង០០នាទី រំលងអធ្រាត្រ ជនសង្ស័យឈ្មោះ HUANG XIAO HU បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដែលជាប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ CHANG JINLONG ដោយប្រពន្ធរបស់ជនសង្ស័យខឹងខ្លាំងពេក ក៏បានអារដៃខ្លួនឯងបណ្តាលឲ្យរងរបួស បន្ទាប់ពីដឹងរឿននេះ ជនរងគ្រោះឈ្មោះ CHANG JINLONG បានទៅមើលប្អូនស្រីរបស់ខ្លួនដែលកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យថៃខាង ពេលនៅក្នុងមន្ទីរពេទ្យ ជនសង្ស័យឈ្មោះ HUANG XIAO HU មិនបានទៅមើលប្រពន្ធទេ ដោយទុកអោយបក្ខពួក ២នាក់(១-ឈ្មោះ QIAN SHI CAI, ២-ឈ្មោះ CHENG YOU WEN) នៅមើលជំនួស ពេលនោះជនរងគ្រោះបានសួរនាំ ហេតុអ្វីមិនឃើញជនសង្ស័យឈ្មោះ HUANG XIAO HU មកមើលប្រពន្ធដែលកំពុងសម្រាកនៅមន្ទីរពេទ្យ បន្ទាប់មកក៏មានមិត្តភក្តិរបស់ជនរងគ្រោះបានដេញវាយ និងប្រើកាំប៉ិតដេញកាប់ ទៅលើបក្ខពួករបស់ជនសង្ស័យ ២នាក់នោះ តែពួកវាទាំង២នាក់ បានរត់គេចខ្លួនទាន់ ហើយក៏បើករថយន្ត ១គ្រឿង ម៉ាក HUMMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-7260 ចេញទៅរកជនសង្ស័យឈ្មោះ HUANG XIAO HU និងជនសង្ស័យឈ្មោះ YIN YA GIANG ដោយពួកវាបានប្រាប់ពីរឿងត្រូវបានមិត្តភក្តិរបស់ជនរងគ្រោះ ដេញវាយនិងកាប់ ហើយជនសង្ស័យទាំង ៤នាក់ ក៏បានបើករថយន្ត ម៉ាក HUMMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-7260 ទៅហាងចាក់សាក់របស់ជនរងគ្រោះ នៅមហោស្រពចាស់ ពេលទៅដល់ជនសង្ស័យទាំង៤នាក់ បានចុះពីរថយន្ត និងគោះទ្វារហាងរបស់ជនរងគ្រោះ ពេលនោះជនរង គ្រោះមិនព្រមបើកទ្វារ ជនសង្ស័យឈ្មោះ HUANG XIAO HU ក៏បានដកកាំភ្លើងខ្លី១ដើម ម៉ាក CZ-75 បាញ់រះចូលទៅក្នុងហាងរបស់ជនរងគ្រោះចំនួន១០គ្រាប់ បណ្តាលឲ្យជនរងគ្រោះទាំង ២នាក់ ត្រូវគ្រាប់កាំភ្លើងម្នាក់មួយគ្រាប់ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង៤នាក់ បានជិះរថយន្តគេចខ្លួនទៅឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចយើងចាប់ខ្លួនបានតែម្តង។
ចំពោះអាវុធខ្លី ១ដើម ម៉ាក CZ-75 (លេខរលុប) ដែលជនសង្ស័យយកធ្វើសកម្មភាព គឺបានទិញពីបុរសជនជាតិខ្មែរម្នាក់ មិនស្គាល់អត្តសញ្ញាណ(យើងកំពុងស្រាវជ្រាវ) ក្នុងតំលៃ ២,៨០០$ (ពីរពាន់ប្រាំបីរយដុល្លារអាមេរិក)។
លោកស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាបច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕