កណ្ដាល ៖ នគរបាលស្រុកមុខកំពូល ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ករណីហិង្សាដោយចេតនា កាលពីថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង ០០នាទី ចំណុចក្រោមផ្ទះជនសង្ស័យ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡា ណារិទ្ធិ ភេទប្រុស អាយុ៣ ៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ ចិត្ត ខ្ចៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិប្របឹង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំណែកវត្ថុតាងដកហូតបានមាន កាំបិតប៉័ងតោដងឈើចំនួន០១(របស់ជនសង្ស័យ) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុវេលាម៉ោង១៧ជាង ជនរងគ្រោះបានផឹកស្រាបៀនៅផ្ទះរបស់ ឈ្មោះ សៃ សាំង ជាមួយប្រពន្ធជនសង្ស័យ រួមទាំងស្ត្រីម្នាក់ទៀតជាប្រពន្ធម្ចាស់ផ្ទះផងដែរ។ បន្ទាប់ពីផឹកនៅផ្ទះរបស់ ឈ្មោះ សៃ.សាំងរួច ជនរងគ្រោះ ក៏បានផឹកនៅផ្ទះជនសង្ស័យបន្តទៀត ជាមួយប្រពន្ធជនសង្ស័យ រួមទាំងស្ត្រីម្នាក់ដែលផឹកជាមួយគ្នាទៀតផងដែរ ។
រហូតមកដល់វេលាម៉ោង២១ ជនសង្ស័យបានមានទាស់ពាក្យសម្ដីជាមួយប្រពន្ធ ព្រោះមានទំនាស់គ្នាមិននិយាយស្តីរកគ្នាជាង៣ខែហើយ បានមួយសន្ទុះ ជនសង្ស័យបានកាន់កាំបិតតាំងតោ ដើរមកពីក្រោយជនរងគ្រោះដែលកំពុងអង្គុយផឹកស្រាហើយ រួចបានកាប់ ជនរងគ្រោះចំនួន០៤កាំបិត.បណ្ដាលឲ្យរបួសចំ កណ្ដាលក្បាលចំនួន ១កន្លែង, របួសខ្នងខាងស្តាំចំនួន ០១កន្លែង, របួសកំប៉េះគូទខាងស្តាំចំនួន០១កន្លែង និងរបួសកែងជើងខាងស្ដាំចំនួន០១កន្លែង រួចជនសង្ស័យគេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះត្រូវបានអ្នកផឹកជាមួយគ្នា និងញាតិជិតខាងដឹកនាំយកទៅព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត្រ ។ លុះដល់ថ្ងៃទី២២ខែឆ្នាំដដែល ប្រពន្ធជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ចាត់ការតាមច្បាប់។
ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងរួចមក កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍បានចុះទៅនាំខ្លួនជនសង្ស័យឈ្មោះ ឡា ណារិទ្ធិយកមក ធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕