ព្រះសីហនុ ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧ និង ០០នាទី ។
លោក ឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មាន ឈ្មោះ ឆេង លាក់ ហៅ ម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងឈ្មោះ ទ្រី លេត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន មានទីលំនៅ ភូមិរាម ស្រុកព្រៃនប់ ។
លោកបន្តថា ជនសង្ស័យបានប្រព្រឹត្តសកម្មភាពលួចកាលពីថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២០និង៣០នាទី ខណ:ម្ចាស់ម៉ូតូចតទុកនៅកន្លែងធ្វើការស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។ ម្ចាស់ម៉ូតូឈ្មោះ ពឹង ឆាយហេង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
វត្ថុតាងចាប់យកបាន ៖ ម៉ូតូ២គ្រឿង ម៉ាក អ៊ឹមស្លាស ពណ៌ខ្មៅ គ្មានស្លាកលេខ (ផលនៃអំពើលួច) និងម៉ូតូ១គ្រឿងម៉ាក ស៊ុយសូគីនិច ពណ៌ស-លឿង ពាក់ស្លាកលេខភ្នំពេញ 2AC-5922 (ផលនៃអំពើលួច) ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕