នៅព្រឹកថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល អង្គភាព ខេម អេស៊ា ដឹកនាំក្រុមការងារសប្បុរសធម៌ក្តីសង្ឃឹម ចុះចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១គ្រួសារ ស្ថិតនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយមានការចូលរួមពីលោក លន់ លាង មេឃុំក្រាំងយ៉ូវ ,លោក ច័ន្ទ រស្មី ប្រធានប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ រួមនិងសមាជិកក្រុមប្រឹក្សាឃុំ និងសប្បុរសជនមួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរ លោក លន់ លាង មេឃុំក្រាំងយ៉ូវ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារ ខេម អេស៊ា ដែលបានបង្កើតកម្មវិធីសប្បុរសធម៌ក្តីសង្ឃឹមនេះឡើង ក្នុងគោលបំណងជួយចូលរួម ការងារមនុស្សធម៌ ក្នុងសង្គម ដែលបច្ចុប្បន្ន ប្រជាពលរដ្ឋយើងមួយចំនួន កំពុងតែខ្វះខាត និមានជីវភាពក្រខ្សត់ ជាពិសេសប្រទេសកម្ពុជាកំពុងស្ថិតក្នុងរដូវកាលកូវីដ និងតំបន់មួយចំនួន កំពុងទទួលរងនូវគ្រោះធម្មជាតិជំនន់ទឹកភ្លៀងផងដែរ។
ឯកឧត្តម លី វិចិត្រ ជំនួសឲ្យក្រុមការងារ ខេម អេស៊ា បានមានប្រសាសន៍ថា៖ អំណោយទាំងនេះ គឺកើតចេញពីទឹកចិត្តរបស់បងប្អូនសប្បុរសជន ទាំងអស់ ដែលពួកគាត់បានចូលរួមបរិច្ចាគទាំងសម្ភារៈក្តី និងថវិកាក្តី គឺជាទឹកចិត្តនៃសេចក្តីអាណិតស្រឡាញ់ ដោយឃើញនូវស្ថានភាពលំបាករបស់បងប្អូនខ្មែរយើងជាក់ស្តែង ដូច្នេះបងប្អូនខ្លះទោះបីជាពួកគាត់ ពុំសូវមានជីវភាពធូរធា តែការចែករំលែកនេះ គឺជួយចេញពីបេះដូងពិតប្រាកដ នេះសបញ្ជាក់ឲ្យឃើញថា ខ្មែរស្រឡាញ់ខ្មែរ ខ្មែរចេះជួយគ្នាក្នុងគ្រាមានអាសន្នអន់ក្រ។
ហើយ ឯកឧត្តម រំពឹងថា សប្បុរសជនខ្មែរយើង នឹងបន្តសកម្មភាពជាមួយក្រុមការងារ ខេម អេស៊ា ទៅមុខទៀត ដើម្បីក្តីសង្ឃឹម របស់បងប្អូនប្រជារដ្ឋខ្មែរមួយចំនួន ដែលកំពុងជួបប្រទះនូវបញ្ហាដូចជា៖ គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង និងសាលារៀន នៅតាមតំបន់ដាច់ស្រាយ៉ាល់ ជាដើម ។ល។
សូមបញ្ជាក់ថា៖ អំណោយរបស់សប្បុរសជនដែលបានឧបត្ថម្ភដល់គ្រួសារក្រីក្រទាំង ១១គ្រួសារ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ស្ក ១គីឡូក្រាម, ប៊ីចេង ១គីឡូក្រាម, អំបិល ១គីឡូក្រាម, ត្រីខ ១យួរ, អាវសម្រាប់មនុស្សចាស់ និងក្មេង ៤សម្រាប់, សាប៊ូ ២ដុំ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, និងថវិកាចំនួន ១០ម៉ឺនរៀល, ក្នុងនោះដែរជូនអាជ្ញាធរឃុំចំនួន ១០ម៉ឺនរៀល និងមន្រ្តីប៉ុស្តិ៍នគរបាល ១០ម៉ឺនរៀលផងដែរ។