កណ្តាល៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីចោរលួចកាច់កម៉ូតូតែមិនបានសម្រេច ក៏ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់បានបញ្ជូនឱ្យសមត្ថកិច្ច។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចជនរងគ្រោះមានឈ្មោះ ប៊ុនសុខ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុ។ ចំណែកជនសង្ស័យវិញមានឈ្មោះ ហេង សុភ័ក្រ ហៅរតនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ ឃុំកំពង់សឹង្ហ ស្រុកបាភ្នំ ខេត្តព្រែវែង (ឃាត់ខ្លួន)។
ដោយឡែកម៉ូតូជនរងគ្រោះ ម៉ាក Honda c125 ស៊េរី២០១៩ ពណ៌ខ្មៅ ស្លាកលេខកណ្តាល1V-7953 (បែកគ្រាប់សោរ)។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួនដូចជាសោខ្សៀលេខ៨ និង ដែក៦ជ្រុងចុងសំប៉ែតចំនួនមួយ(របស់ជនសង្ស័យ)។

តាមរបាយការណ៍របស់សមត្ថកិច្ច ឲ្យដឹងថា មុនពេលកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅខាងមុខផ្ទះដោយមានភ្ជាប់កុងតាក់សំងាត់ ពេលនោះក៏មានជនសង្ស័យម្នាក់ខាងលើបានចូលទៅ ហើយយកដែករាងអក្សរ T ចាក់បំបែកសោរម៉ូតូហើយបណ្តើរចេញទៅ តែពេលនោះជនរងគ្រោះក៏ចេញមកទាន់ហើយស្រែកចោរៗផ្អើលអស់អ្នកជិតខាងនាំគ្នាព្រួតវាយចាប់ឃាត់ខ្លួនយកមកប្រគល់សមត្ថកិច្ចតែម្តង។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន និង ប្រាប់ទៀតថា ពីមុនធ្លាប់កាច់កយកម៉ូតូគេម្តង នៅស្រុកខ្សាច់កណ្តាល តែមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន និងដាក់ពន្ធនាគារខេត្តកណ្តាល អស់រយៈពេល០១ឆ្នាំនិង៦ខែផងដែរ ហើយឥឡូវកាច់ម្តងទៀតនៅតែមិនបានសម្រេចដដែល៕